(ព្រះសីហនុ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញដល់រដ្ឋបាលខេត្តព្រះសីហនុ ឲ្យដោះស្រាយបញ្ហាសំណង់មិនប្រក្រតីទាំងឡាយ ដោយសុំឲ្យម្ចាស់សំណង់ទាំងនោះរុះរើចោល ជាពិសេសសំណង់ដែលកំពុងសាងសង់អំពីដែក ដើម្បីបញ្ចៀសការគ្រោះថ្នាក់។

ការជំរុញរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទាក់ទងនឹងការរកឃើញភាពមិនក្រក្រតីខ្លះ របស់សំណង់អគារដែលកំពុងសាងសង់ ក្នុងពិធីបំពាក់មេដាយជូនក្រុមអ្នកសង្គ្រោះ ជនរងគ្រោះក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់ ដែលជាមន្ត្រី បុគ្គលិក តាមអង្គភាព មន្ទីរមួយចំនួនក្នុងខេត្ត ប្រជាការពារ និងវិស័យឯកជន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា «យើងត្រេកអរហើយចំពោះការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដែលមានអគារខ្ពស់ៗ ច្រូងច្រាង តែទន្ទឹមនេះយើង ក៏មានការព្រួយបារម្ភខ្លាំងអំពីសុវត្ថិភាព នៃអគារទាំងឡាយនៅទីនេះ ជាពិសេសអគារដែលសាងសង់ឡើងអំពីគ្រោងដែកដែលវាបានបង្ហាញ
លទ្ធផលដ៏ឈឺចាប់ដល់យើងរួចមកហើយ»។

ក្នុងឱកាសនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណចំពោះកម្លាំងគ្រប់ផ្នែក ដែលបានចូលរួមប្រតិបត្តិការ ក្នុងការជួយសង្គ្រោះជនរងគ្រោះពីគំនរបាក់បែក នៃអគារកម្ពស់៧ជាន់ ក្នុងក្រុងព្រះសីហនុ ដែលបានដួលរលំកាលពីវេលាទាបភ្លឺ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។

ទេសរដ្ឋមន្ដ្រី គន់ គីម បានចាត់ទុកថា កិច្ចការនេះ គឺជាបទពិសោធន៍មួយសម្រាប់យើងទាំងអស់គ្នា ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ ក្នុងហេតុការណ៍បែបនេះ តែទោះជាយ៉ាងណាយើងក៏មិនចង់ឲ្យហេតុការណ៍ដ៏អន្តរាយបែបនេះ កើតមានឡើងជាថ្មីម្តងទៀតនោះទេ។ ហេតុដូច្នេះហើយ សូមរដ្ឋបាលដែនដីនៅតាមរាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់ខ្ពស់ បំផុតចំពោះបញ្ហាសុវត្ថិភាព នៃសំណង់។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបាក់រលំអគារ៧ជាន់នេះ គឺជាហេតុការណ៍មួយដែលគួរឲ្យសង្វេគ និងសោកស្តាយជាទីបំផុត ដែលយើងត្រូវយកចិត្តទុកដាក់នៅ ក្នុងការបញ្ចៀសហេតុការណ៍ដ៏អាក្រក់បែបនេះ៕