(ព្រះសីហនុ)៖ ក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបើកដំណើរការសាងសង់ អគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជា ថ្មីមួយលើគម្រោងជាច្រើនផ្សេងទៀត ដែលមានទីតាំងស្ថិតនៅក្បែរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាប់នឹងឆ្នេរអូរឈើទាល ដែលបានសាងសង់លើផ្ទៃដីជាង ៦ម៉ឺនម៉ែត្រការ៉េ ដែលមានទីតាំងភូមិសាស្ត្រអំណោយផល ជាមួយនឹងទេសភាពឆ្នេរសមុទ្រស្រស់ស្អាតបំផុតនៅខេត្តព្រះសីហនុ ដែលសាកសមជាទីប្រជុំនៃពាណិជ្ជកម្មយ៉ាងសម្បូរបែប។
ពិធីសម្ពោធការដ្ឋានសាងសង់គម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជា នេះដែរធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោមការដឹងនាំដោយលោក LI MIN នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, លោក RUAN BIN នាយករងប្រតិបត្តិ និងតំណាងនៃក្រុមហ៊ុនដៃគូសហការ បានចូលរួមជាច្រើននាក់ផងដែរ។
លោក QIU GUOXING បានថ្លែងថា ក្នុងនាមជាស្នាដៃនៃស្ថាបត្យកម្មទីក្រុងដ៏ថ្មីស្រឡាងមួយទៀត របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅខេត្តព្រះសីហនុ គម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាទីតាំង សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២។
ជាមួយនឹងផ្នត់គំនិតនៃការរចនា ក្លោងទ្វារព្រះរាជាណាចក្រកម្ពុជា និងការរួមបញ្ជូលគ្នាយ៉ាងឥតខ្ចោះរវាងរចនាបថបែបខ្មែរ និងបរទេសគម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជា នឹងត្រូវបានសាងសង់ជាទីតាំងបដិសណ្ឋារកិច្ចបែបទីក្រុងរបស់ប្រទេសកម្ពុជា។
លោក QIU GUOXING បានបន្ថែមថា គម្រោងនេះមានបន្ទប់ប្រជុំខ្នាតធំជាច្រើនខ្នាត ច្រើនទម្រង់ ដែលអាចបំពេញតម្រូវការនៃកិច្ចប្រជុំធុរកិច្ចគ្រប់ប្រភេទ ព្រមទាំងមានផ្ដល់ជូននូវសេវាកម្មសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលមានក្រឡាផ្ទៃទំហំជាង ៦ម៉ឺនម៉ែត្រការ៉េ។ គម្រោងនេះ នឹងក្លាយជាមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ដែលមានស្តង់ដារខ្ពស់បំផុតនៅខេត្តព្រះសីហនុ។
លោក QIU GUOXING បានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ និងនិមិត្តសញ្ញានៃទីក្រុង ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាននឹងកំពុងពន្លឿនដំណើរការនគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងចក្ខុវិស័យនៃប្រតិបត្តិករទីក្រុង និងភាពជា អ្នកជំនាញក្នុងការបង្កើតស្ថាបត្យកម្មនិមិត្តសញ្ញានៃទីក្រុង។
ជាមួយស្នាដៃស្ថាបត្យកម្មជាច្រើន ដូចជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម «ភ្នំពេញស៊ីប៊ីឌី» គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន គម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្ដរជាតិកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្ហាញនូវរូបភាពទីក្រុងដ៏ថ្មីស្រឡាងមួយនៅកម្ពុជា។
លោក QIU GUOXING បានបន្ថែមទៀតថា ខេត្តព្រះសីហនុ ដែលកំពុងស្ថិតក្នុងការរីកចម្រើនយ៉ាងឆាប់រហ័ស គឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ត្រីកោណមាស «ភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ» របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។
បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៤ឆ្នាំកន្លងមកក្រុមហ៊ុនព្រីនស៍ បានរៀបចំគម្រោងជាច្រើននៅខេត្តព្រះសីហនុដូចជា គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ព្រីនស៍ អាយធី បៀលឌីង ព្រីនស៍ ស៊ីធី សេនធើ សណ្ឋាគារព្រីនស៍ ថាម ហូថេល និងគម្រោងផ្សេងៗជាច្រើនទៀត។
ជាមួយនឹងការចាប់ផ្តើមបើកការដ្ឋាសាងសង់ជាផ្លូវការនៃគម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្ដរជាតិកម្ពុជា ខេត្តព្រះសីហនុ នឹងបានក្លាយជាទីក្រុងអន្តរជាតិមួយនាពេលអនាគត។
សូមបញ្ជាក់ថា គម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជា មានផ្ទៃក្រឡាសរុបជាង ១២ម៉ឺនម៉ែត្រការ៉េ ដែលប្រមូលផ្តុំដោយអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងសណ្ឋាគារផ្កាយប្រាំ ដែលរំពឹងថានឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ក្រោយពេលសាងសង់រួច គម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលសន្និសីទអន្តរជាតិខ្នាតធំ ដែលរួមមាននូវអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ សណ្ឋាគារ អគារពាណិជ្ជកម្ម និងមុខងារជាច្រើនទៀត៕