(ប្រ៊ុចសែល)៖ គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយពិភពលោក លើកទី១៣៣/១៣៤ នៅលេខាធិការដ្ឋានកណ្តាល អង្គការគយពិភពលោក នាទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ។
សន្និបាតដែលរៀបចំឡើងនាពេលថ្មីៗនេះ ដឹកនាំដោយ លោក Enrique Canon ប្រធានក្រុមប្រឹក្សា (អ៊ុយរ៉ាហ្គាយ) ដោយមានការចូលរួមពីអគ្គនាយកគយ និងគណៈប្រតិភូ នៃប្រទេសជាសមាជិកចំនួន១៨៣, តំណាងវិស័យឯកជន, និងអ្នកសង្កេតការណ៍អន្តរជាតិសំខាន់ផ្សេងៗជាច្រើនទៀត។ អង្គការគយពិភពលោក បានកំណត់យកប្រធានបទ «ព្រំដែនវៃឆ្លាតសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើ ដំណើរ និងការដឹកជញ្ជូន» ជាប្រធានបទរបស់ WCO សម្រាប់ឆ្នាំ២០១៩។
លោកអគ្គលេខាធិការ Kunio Mikuriya ក៏បានគូសបញ្ជាក់ពីយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមថ្មីៗ របស់អង្គការគយពិភពលោក ដោយរួមមានដូចជា៖ សន្តិសុខនិងកិច្ចសម្រួលពាណិជ្ជកម្ម, ការវាស់វែងលទ្ធផល, ស្វ័យប្រវត្តិកម្មនីតិវិធីគយនិងសហប្រតិបត្តិការគយ, ប្រព័ន្ធគ្រប់គ្រងហានិភ័យ, ពាណិជ្ជកម្មអេឡិកត្រូនិក, និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងនីតិវិធីគយ និង ប្រតិបត្តិការគយ ជាពិសេសការប្រើប្រាស់ទិន្នន័យធំ (Big Data) ប្រមូលទិន្នន័យ វិភាគទិន្នន័យ និងការចែករំលែកផ្លាស់ប្តូរទិន្នន័យ។
អង្គសន្និបាត បានពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព ឆ្នាំ២០១៨/២០១៩ និងបានលើកឡើងនូវផែនការសកម្មភាព ឆ្នាំ២០១៩/២០២០ ព្រមទាំងការបង្កើតយន្តការ វាយតម្លៃការអនុវត្ត តាមរយៈការកំណត់សូចនាករវាស់ស្ទង់ សម្រាប់ការងារនីមួយៗ។
ប្រធានបទសំខាន់ៗ មួយចំនួនរួមមាន ១៖ ឧត្តមភាពប្រកួតប្រជែងសេដ្ឋកិច្ច (Economic Competitiveness), ២៖ អនុលោមភាព និងការអនុវត្តច្បាប់, ៣៖ ការវិភាគទិន្នន័យ និង អភិបាលកិច្ច, ៤៖ ការពិនិត្យឡើងវិញ នូវអនុសញ្ញាក្យូតូដែលបានកែសម្រួល (Revised Kyoto Convention) និងការ គ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce), ៥៖ ការបណ្តុះបណ្តាល ធនធានមនុស្ស និង៦៖ ផែនការយុទ្ធសាស្រ្តថ្មី ឆ្នាំ២០១៩/២០២២។
ទន្ទឹមនេះ អង្គសន្និបាត ក៏បានសា្តប់របាយការណ៍ និងពិភាក្សាលើការងារបច្ចេកទេសគយ ដូចជា វិធានដើមកំណើតទំនិញ ការកំណត់តម្លៃគិតពន្ធគយ និងការកែសម្រួល ប្រព័ន្ធចំណាត់ថ្នាក់ទំនិញសម្រាប់ ឆ្នាំ២០២២ អនុលោមភាព និងកិច្ចសម្រួលពាណិជ្ជកម្ម និងការកសាងសមត្ថភាព។
អង្គសន្និបាត ក៏បានអនុម័ត សេចក្តីណែនាំរួមគ្នា រវាងអង្គការគយពិភពលោក និងសហភាពប្រៃសណីយ៍សកល (Joint UPU-WCO Guidelines) ស្តីពីការផ្លាស់ប្តូរទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិកជាមុនរវាងស្ថាប័នគយ និងប្រៃសណីយ៍។ ជាមួយគ្នានេះដែរ អង្គសន្និបាត ក៏បានបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសតំណែងប្រធានក្រុមប្រឹក្សា, តំណែងប្រធាននាយកដ្ឋាន អនុលោមភាព និងកិច្ចសម្រួលពាណិជ្ជកម្ម, និងតំណែងប្រធាននាយកដ្ឋានកសាងសមត្ថភាព។
លោកអគ្គលេខាធិការ បានអំពាវនាវឲ្យរដ្ឋបាលគយពង្រឹងតួនាទី និងភាពជាអង្គភាពដឹកនាំរបស់គយ ក្នុងការគ្រប់គ្រងព្រំដែន ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីដើម្បីដោះស្រាយបញ្ហប្រឈមថ្មីៗរួមមាន៖ ការប្រយុទ្ធប្រឆាំងអង្គការឧក្រិដ្ឋកម្មអន្តរជាតិ, វិបត្តិនៃពហុភាគីនិយម (Multilateralism), ការលាងសម្អាតប្រាក់,បច្ចេកវិទ្យានិងភ័ស្តុភារ ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថលឆ្លងកាត់ព្រំដែន។
គណៈប្រតិភូ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានឆ្លៀតឱកាសប្រជុំទ្វេភាគីជាមួយគណៈប្រតិភូ នៃមូលនិធិរូបិយវត្ថុអន្តរជាតិដឹកនាំដោយលោក Janos NAGY អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីជំនួយបច្ចេកទេសក្នុងការរៀបចំយុទ្ធសាស្រ្តអនុលោមភាព និងអនុវត្តច្បាប់, យុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មាន, និងការអនុវត្ត កិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក និងបានជួបពិភាក្សា ការងារជាមួយតំណាងរដ្ឋបាលគយ Belarus ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបានឯកភាពគ្នា ចាប់ផ្ដើមរៀបចំសេចក្ដីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក ក្នុងកិច្ចការគយ ។
លោកបណ្ឌិត គុណ ញឹមបានបន្តដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកក្កដា ២០១៩។
កិច្ចប្រជុំនេះ បានផ្តោតលើប្រធានបទគន្លឹះមួយចំនួនដូចជា៖ ចាប់ឱកាសពិពិធកម្មសេដ្ឋកិច្ច, ជំនួយសម្រាប់ការផ្លាស់ប្តូរឌីជីថល បង្កើនវិនិយោគនិងការងារ និងកាត់បន្ថយគម្លាតយេនឌ័រ, បង្កើតតម្លៃបន្ថែមនៅកន្លែង សម្រាប់វិស័យទេសចរណ៍ ដែលជាមូលដ្ឋានសម្រាប់ពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន, និងឱកាសនិងបញ្ហាប្រឈម នៃពាណិជ្ជកម្មអេឡិចត្រូនិកជាដើម ។
គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំ និងត្រូវបានផ្តល់កិត្តិយស ឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ ជាសកលលើកទី៧ លើជំនួយសម្រាប់ពាណិជ្ជកម្ម៕