(បាងកក)៖ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ជាមន្ទីរពេទ្យឈានមុខគេមួយ ក្នុងការផ្តល់ជូនការព្យាបាលជំងឺមហារីក ជាមួយនឹងការធ្វើតេស្តហ្សែន ដោយបច្ចេកវិទ្យាដ៏ទំនើប និងមានលក្ខណៈច្នៃប្រឌិត ដែលនឹងនាំឲ្យមានការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងការវិភាគបានល្អប្រសើរ អំពីលទ្ធផលសម្រាប់អ្នកកើតជំងឺមហារីក។
មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែលជាគោលដៅទេសចរណ៍ផ្នែកវេជ្ជសាស្ត្រ និងឈានមុខគេមួយ ក្នុងការថែទាំសុខភាព អស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ ជាមន្ទីរពេទ្យដំបូងបង្អស់នៅក្នុងតំបន់អាស៊ី ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ពីគណៈកម្មការរួមអន្តរជាតិ (JCI) សម្រាប់ស្តង់ដារប្រតិបត្តិការគ្លីនិក កាលពីឆ្នាំ២០០២ ដូចគ្នាទៅនឹងសហរដ្ឋអាមេរិកផងដែរ។
ជាមួយនឹងការផ្តល់ជូនសេវាកម្ម និងបរិក្ខាររោគវិនិច្ឆ័យ ព្យាបាល និងថែទាំដ៏ទំនើបទាន់សម័យ រួមតែមួយកន្លែង មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានផ្តល់នូវការថែទាំព្យាបាល យ៉ាងទូលំទូលាយជាមួយនឹងគ្លីនិកឯកទេសជាង ៧០ ដល់អ្នកជំងឺជាង១៩០ប្រទេសនៅទូទាំងពិភពលោក ដោយបានកំណត់យ៉ាងច្បាស់ នូវគោលជំហររបស់ខ្លួន ក្នុងការព្យាបាលជំងឺមហារីក តាមរយៈការប្តេជ្ញាចិត្តខ្ពស់ ចំពោះការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយបំផុត ក្នុងការបង្ការ ការព្យាបាល និងការស្រាវជ្រាវជំងឺមហារីក។
ការធ្វើតេស្តហ្សែន ជាមួយនឹងបច្ចេកវិទ្យាខ្ពស់នេះ រួមបញ្ចូលទាំងបញ្ជីហ្សែនដែលបានធ្វើបច្ចុប្បន្នភាព និងការប្រែប្រួលរបស់ហ្សែន ដែលធ្វើឲ្យយើងបានដឹងពីការវិវឌ្ឍពិតប្រាកដនៃជំងឺមហារីក។ ការធ្វើតេស្តថ្មីនេះ អាចបញ្ជាក់បានយ៉ាងលម្អិត អំពីលក្ខណៈរបស់ហ្សែន ដែលអាចធ្វើឲ្យយើងសម្រេចចិត្តបានត្រឹមត្រូវក្នុងការព្យាបាល។ ដោយសារអ្នកជំងឺទាំងអស់ មានលក្ខណៈខុសៗគ្នា ការព្យាបាលដែលត្រូវបានគេហៅថា ការព្យាបាលមួយដែលមានភាពជាក់លាក់ ត្រូវបានធ្វើឡើងដោយផ្ទាល់ចំពោះអ្នកជំងឺម្នាក់ៗ និងអាចមានប្រសិទ្ធភាព ជាងការព្យាបាលមហារីកតាមស្តង់ដារ។
លោកវេជ្ជបណ្ឌិត Harit Suwanrusme វេជ្ជបណ្ឌិតឯកទេស ផ្នែកជំងឺមហារីកនៅមជ្ឈមណ្ឌល Horizon Regional Cancer Center នៃមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានថ្លែងថា បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ធ្វើឲ្យការធ្វើរោគវិនិច្ឆ័យរបស់យើង កាន់តែមានភាពឆាប់រហ័ស និងច្បាស់លាស់ជាងមុន ដែលវាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការព្យាបាលជំងឺមហារីក ដោយសារជំងឺមហារីក គឺជាមូលហេតុចម្បង ដែលឈានទៅរកការបាត់បង់ជីវិតមនុស្ស នៅក្នុងប្រទេសអភិវឌ្ឍន៍ភាគច្រើន។
លោកវេជ្ជបណ្ឌិត Harit បានបន្តថា ជំងឺមហារីកមួយចំនួន អាចត្រូវបានគេរកឃើញញឹកញាប់នៅក្នុងគ្រួសារមួយចំនួន។ ដូច្នេះ ការធ្វើតេស្តហ្សែន នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺមួយចំនួន ដោយសារវាបានផ្តល់ព័ត៌មានបន្ថែម អំពីហ្សែនរបស់អ្នកជំងឺ និងហ្សែន នៃសមាជិកគ្រួសាររបស់ពួកគេ។
«មនុស្សម្នាក់ៗ មានហ្សែនខុសៗគ្នា ដែលធ្វើឲ្យយើងងាយនឹងកើតមានជំងឺផ្សេងៗគ្នាផងដែរ ដែលនេះមានន័យថា ការដាក់ថ្នាំព្យាបាលអាចធ្វើឡើងតាមរបៀបផ្សេងៗគ្នាសម្រាប់មនុស្សផ្សេងៗគ្នា។ ក្នុងករណីខ្លះ យើងអាចប្រើការព្យាបាលតាមគោលដៅជាក់លាក់ដើម្បីជួយគ្រប់គ្រងជំងឺមហារីកបាន»។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Harit។
លោកវេជ្ជបណ្ឌិត Harit បានបន្ថែមទៀតថា ទោះបីជាការព្យាបាលតាមស្តង់ដារ នៅតែមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ក៏ករណីខ្លះ វានៅតែត្រូវការ ការយល់ដឹងព័ត៌មានកាន់តែច្រើនឡើងបន្ថែមទៀតដែរ អំពីស្ថានភាពនៃជំងឺ។ ដោយសារតែហេតុផលនេះហើយ បានជាបច្ចេកវិទ្យាថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការវាយតម្លៃ ការប្រែប្រួលហ្សែនរបស់ដុំសាច់ និងអាចពង្រីកជម្រើស ក្នុងការព្យាបាលសម្រាប់អ្នកជំងឺមួយចំនួន បានយ៉ាងល្អប្រសើរ។
លោកថា សព្វថ្ងៃនេះ ការប្រើប្រាស់បច្ចេកវិទ្យាធ្វើតេស្តហ្សែន (CGP) នៃដុំសាច់ អាចផ្តល់នូវការយល់ដឹងបន្ថែមទៀត អំពីការប្រែប្រួលហ្សែនទាក់ទងនឹងវេជ្ជសាស្ត្រ ដែលវាជាកត្តាមួយ ធ្វើឲ្យយើងទទួលបាន គោលដៅច្បាស់លាស់ ក្នុងការសម្រេចចិត្តព្យាបាល និងការបង្កើនជម្រើស នៃការព្យាបាលជំងឺ។
មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ បានសហការជាមួយដៃគូជាច្រើន ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យា ធ្វើរោគវិនិច្ឆ័យយ៉ាងទំនើប ហើយឥឡូវ បច្ចេកវិទ្យានេះ អាចធ្វើតេស្តហ្សែនបានយ៉ាងល្អប្រសើរ ដែលរួមបញ្ចូលទាំងការវិភាគផ្សេងៗ លើរាងកាយមនុស្ស (ដុំសាច់) ដើម្បីរកមើល DNA របស់ដុំសាច់ដែលអណ្តែត លើចរន្តឈាមរបស់អ្នកជំងឺ។
ក្រៅពីសហរដ្ឋអាមេរិក មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ គឺជាមន្ទីរពេទ្យតែមួយគត់ដែលប្រើប្រាស់ម៉ាស៊ីន IBM Watson សម្រាប់ព្យាបាលជំងឺមហារីក ដែលជាម៉ាស៊ីនមួយប្រភេទប្រើដោយបច្ចេកវិទ្យាខ្ពស់ AI ដើម្បីជួយដល់ ក្រុមវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺបានយ៉ាងល្អប្រសើរជាមួយនឹងការប្រមូលទិន្នន័យទាំងអស់នៃការស្រាវជ្រាវទាំងចាស់ទាំងថ្មី។ នៅឆ្នាំ២០១៩នេះ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ នឹងចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីន IBM Watson សម្រាប់ការធ្វើតេស្តហ្សែនផងដែរ៕