(ស្វាយរៀង)៖ មជ្ឈមណ្ឌលភាសារបរទេសតាគិន ដែលមានទីតាំងស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង បានបង្ហាញរូបរាងជាផ្លូវការ ត្រូវបានបង្កើតឡើងដោយលោក ម៉ៃ ទិត្យថារ៉ា ជាអ្នកយកព័ត៌មានមួយរូបល្បីឈ្មោះគួរសមនៅក្នុងសង្គម និងល្បីឈ្មោះខ្លាំងនៅក្នុងចំណោមអ្នកយកព័ត៌មានដូចគ្នា ក្នុងគោលបំណងផ្តល់នូវការបង្រៀនភាសាអង់គ្លេសគ្រប់កំរិត កុំព្យូទ័រ អ៊ីនធឺណែត និងគំនូដល់កុមារតូចៗ និងយុវវ័យនៅក្នុងខេត្តស្វាយរៀង ដោយមិនគិតកម្រៃនោះទេ។
អគារថ្មីស្រឡាងដែលមានការរចនាឡើងនូវផ្ទាំងរូបភាពគួរទាក់ទាញ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង, លោក ម៉ៃ ទិត្យថារ៉ា នាយកមជ្ឈមណ្ឌលភាសារបរទេសតាគិន, លោក ហឹង ចាន់ណារិទ្ធិ នាយកប្រតិបត្តិ អង្គការមូលនិធិទ្រទ្រង់កុមារ និងលោក Robert Wong តំណាងរបស់មូលនិធិអង្គការ IDEA×HKUSPACE ដែលមានទីតាំងនៅប្រទេសហុងកុង ព្រមទាំងលោកចៅសង្កាត់ លោកគ្រូ-អ្នកគ្រូនៃមជ្ឈមណ្ឌល សិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក ម៉ៃ ទិត្យថារ៉ា បានថ្លែងថា អគារមួយបន្ទប់ថ្មីនេះមានបណ្តោយ ៩ម៉ែត្រ និងទទឹង ៦ម៉ែត្រ ដែលជាការជួយឧបត្ថម្ភ មូលនិធិរបស់អង្គការ IDA×HKUSPACE ដែលមានទីតាំងនៅប្រទេសហុងកុង ក្រោមការជួយប្រឹងប្រែងរបស់មូលនិធិសប្បុរសធម៌ iHerb តាមរយៈអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ដើម្បីផ្តល់ឱកាសឲ្យសិស្សបានចូលរៀនបន្ថែមទៀត។
លោក ម៉ៃ ទិត្យថារ៉ា បានបញ្ជាក់ថា មជ្ឈមណ្ឌលនេះបង្កើនឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ផ្តល់នូវការបង្រៀនភាសារអង់គ្លេសគ្រប់កម្រិត, កុំព្យូទ័រ, អ៊ីនធឺណែត, និងគំនូដល់កុមារតូចៗ និងយុវវ័យនៅក្នុងខេត្តស្វាយរៀង ដោយមិនគិតកម្រៃនោះទេ។ មជ្ឈមណ្ឌលនេះបច្ចប្បន្នមានសិស្សកំពុងសិក្សាជាង ២០០នាក់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល
ក្នុងការកាត់បន្ថយការជួញដូរពលកម្មកុមារ និងអនីតជននៅតាមបណ្តោយព្រំដែន ពិសេសទៅកាន់ប្រទេសជិតខាង។ មួយវិញទៀត គឺចង់ពង្រឹងវិស័យអប់រំក្រៅប្រពន្ធ័នៅកម្ពុជា ដល់កុមារ និងយុវជនក្រីក្រដែលជាក្រុមជនងាយរងគ្រោះក្នុងការជួញដូរពលកម្មនៅខេត្តស្វាយរៀង។
លោកបានបន្តថា «អ្វីដែលធ្វើឲ្យរូបលោកយកថវិកាផ្ទាល់ខ្លួន ដើម្បីបើកមជ្ឈមណ្ឌលនេះពីដំបូង គឺចង់ឃើញកុមារ និងយុវជនទាំងអស់មានឱកាសចូលសាលារៀន ហើយមិនចង់ឃើញពួកគាត់ ដើរលក់សន្លឹកឆ្នោត នៅប្រទេសជិតខាង ដែលរងនូវការធ្វើបាបនោះទេ។ ការវិនិយោគលើខួរក្បាល គឺមិនងាយទទួលបានផលនោះទេ ប៉ុន្តែយើងនឹងឃើញស្នាមញញឹមរបស់ពួកគាត់ នៅពេលក្រោយ»។
លោកបានបន្តទៀតថា ក្រោមការផ្តល់ជំនួយរបស់អង្គការ CCAFO ក្នុងកិច្ចសហការជួយទ្រទ្រង់ដល់មជ្ឈមណ្ឌលភាសារតាគិនក្នុងរយៈពេល៣ខែកន្លងមកនេះ មជ្ឈមណ្ឌលទទួលបានសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖
*ទី១៖ ការយកចិត្តទុកដាក់របស់គ្រូ ក្នុងការបង្រៀនកាន់តែល្អប្រសើរឡើង ដែលនាំឲ្យការទទួលការអប់រំរបស់សិស្សកាន់តែមានប្រសិទ្ធភាពខ្ពស់
*ទី២៖ ពង្រឹងវិន័យសាលាយ៉ាងហ្មត់ចត់ ទៅលើបញ្ជីវត្តមាន សកម្មភាពបង្ហាត់បង្រៀនរបស់គ្រូ និងសកម្មភាពទទួលយកចំណេះដឹងរបស់សិស្សក្នុងពេលសិក្សា
*ទី៣៖ មានការសាកល្បងជាប្រចាំទៅលើសមត្ថភាពរបស់សិស្ស ដោយមានការប្រឡងប្រចាំឆមាស ប្រចាំខែ ប្រឡងវគ្គពាក់កណ្តាលសៀវភៅ និងប្រឡងបញ្ចប់សៀវភៅ ព្រមទាំងបានរៀបចំនូវតារាងចំណាត់ថ្នាក់របស់សិស្សជារៀងរាល់ខែ។
អភិបាលក្រុងស្វាយរៀង បានថ្លែងនូវការកោតសរសើរផងដែរដល់លោក ម៉ៃ ទិត្យថារ៉ា និងអង្គការជាដៃគូរទាំងអស់ដែលបានបង្កើតឲ្យមាន មជ្ឈមណ្ឌលសាលាភាសារបរទេសតាគិន នេះឡើងថា «ក្នុងនាមអាជ្ញាធរក្រុងសូមគាំទ្រពេញទំហឹង និងជំរុញឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីរៀនទាំងភាសារជាតិ និងភាសាបរទេសដែលរាជរដ្ឋាភិបាល បានផ្តោតសំខាន់ទៅលើធនធានមនុស្ស បានបង្កើនឲ្យមានសាលារៀន ជាច្រើនកន្លែង ហើយសាលារៀនទាំងនោះ នៅជិតលំនៅដ្ឋានរបស់សិស្សានុសិស្សតែម្តងសម័យតេជោដឹកនាំសាលារៀនរត់រកសិស្ស មិនដូចពីសម័យមុនសិស្ស រត់សាលារៀនដើម្បីបំពេញចំណេះវិជ្ជានោះទេ»។
លោកអភិបាលក្រុងស្វាយរៀង បានផ្តាំផ្ញើរដល់សិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងនាំគ្នាគោរពច្បាប់ចរាចរណ៍បើកបរត្រូវពាក់មួកសុវត្ថិភាព គោរពមាតាបិតា លោកគ្រូអ្នកគ្រូ និងអនុវត្តវិន័យរបស់សាលាឲ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយខ្លួនជាទំពាងស្នងឬស្សី នៃប្រទេសជាតិប្រកបទៅដោយចំណេះជំនាញពិតប្រាកដ៕