(បាត់ដំបង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងដើម្បីអនុវត្តន៍តាមបទបញ្ជារបស់អគ្គនាយដ្ឋានកាំកុងត្រូល និងរាជរដ្ឋាភិបាល ធានាបានសុវត្ថិភាពចំណីអាហារ លើគ្រឿងបរិភោគឧបភោគ សាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដោយរកឃើញទំនិញ ចម្រុះខូចគុណភាពប្រមាណជាង៣០គីឡូក្រាម នៅផ្សារបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង យកមករក្សាទុក ដើម្បីដុតកំទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា ដោយមានការណែនាំ និងរឹតបន្តឹងពីអគ្គនាយកដ្ឋានកាំកុងត្រូល ឱ្យចុះធ្វើជាប្រចាំរួចមក សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់តែង បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ គ្រប់គ្នាជាអ្នកប្រើប្រាស់ផ្ទាល់។
ប្រធានបានបន្តថា មន្រ្តីសាខាកាំកុងត្រូលទាំងអស់ បានចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែងលក់ក្នុងផ្សារ ឬតាមប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថា «យើងនាំគ្នាប្តេជ្ញាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀត ផងដែរ»៕