(កណ្ដាល)៖ ករណីអំពើហិង្សាមួយបានកើតឡើង ដែលបង្កឡើងដោយបុរសម្នាក់ បានយកដំបងឈើវាយទៅលើបងថ្លៃខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចភូមិកណ្ដាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ៊ិន គីម អាយុ៤២ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មាន
របួសក្បាលផ្នែកខាងមុខ លើផ្ទៃមុខ និងបបូរមាត់ (ត្រូវជាបងថ្លៃ)។ ជនសង្ស័យឈ្មោះ រិន សុវណ្ណ ហៅណយ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរជាងសំណង់ (ត្រូវជាប្អូនថ្លៃ)។
សមត្ថកិច្ចបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ និងជនសង្ស័យ ព្រមទាំងមនុស្សជាច្រើននាក់ទៀត បានទិញស្រាបៀរ និងស្រាថ្នាំមកផឹកនៅកន្លែងលក់គ្រឿងសង្ហារឹម របស់ឈ្មោះ រិន សុវណ្ណ នៅភូមិកណ្ដាលកោះ ឃុំកោះឧកញ៉ាតី និងមានដាក់ខារ៉ាអូខេ ច្រៀងលេង។ លុះដល់យប់ជនរងគ្រោះ បានបើកសំលេងខារ៉ាអូខេច្រៀងលឺខ្លាំង ពេលនោះជនសង្ស័យប្រាប់
កុំឲ្យបើកលឺពេក អ្នកជិតខាងគេដេក តែជនរងគ្រោះមិនស្តាប់ ក៏មានទំនាស់ពាក្យសំដីគ្នាបន្តិច។
ក្រោយមកជនសង្ស័យ បានដាល់ត្រូវមុខជនរងគ្រោះមួយដៃ បណ្ដាលឲ្យជនរងគ្រោះដួលផ្ងារក្រោយ ហើយជនសង្ស័យបានយកដំបងមែកស្វាយ ពីក្រោយរោងមកវាយលើក្បាលជន
រងគ្រោះជាច្រើន បណ្ដាលឲ្យមានរបួសស្នាម និងសន្លប់បាត់ស្មារតី ហើយដំបងបាក់ជាពីរជាកំណាត់ឃើញដូចនោះ ឈ្មោះ អាត ខេង និងមនុស្សជាច្រើននាក់ទៀតបានចូល
មកឃាត់ជនសង្ស័យ។ ក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាលម៉ែត្រ។
ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ចុះអន្តរាគមន៍ឃាត់ខ្លួន ហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចាត់ការបន្តតាមនីតិវិធី៕