(ភ្នំពេញ)៖ អង្គការ GIZ របស់អាល្លឺម៉ង់ បានព្រមព្រៀងបន្តជួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យវាយនភណ្ឌ និងកាត់ដេររយៈពេល២ឆ្នាំទៀត ដែលមានសុពលភាពចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការអនុវត្តកម្មវិធីគម្រោងពង្រឹងនិរន្តរភាព វិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ, FABRIC) នៅកម្ពុជា។
អនុស្សរណៈខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ ជាមួយលោក Guenter Riethmacher នាយក GIZ ប្រចាំកម្ពុជា ក្រោមអធិបតីភាពជាសាក្សីលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ។
នាយក GIZ ប្រចាំកម្ពុជាបានឱ្យដឹងថា អង្គការ GIZ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការផ្តល់ជំនួយ ក្នុងការអនុវត្តគម្រោងឱ្យទទួលជោគជ័យបន្ថែមទៀត។
ភាគីទាំងពីរបានបង្ហាញការរីករាយចំពោះកិច្ចសហការនេះ និងសន្យាបន្តកិច្ចការងារនេះបន្ថែមទៀតទៅលើគម្រោង ដើម្បីឈានទៅសម្រេចបានភាពជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ។
សូមបញ្ជាក់ថា អនុស្សរណៈនេះត្រូវចំណាយថវិកា ៦លានអឺរ៉ូ ក្នុងនោះត្រូវប្រើប្រាស់សម្រាប់ប្រទេសបង់ក្លាដេស កម្ពុជា ចិន មីយ៉ាន់ម៉ា ប៉ាគីស្ថាន និងវៀតណាម។
គោលបំណងនៃអនុស្សរណៈនេះ រួមមាន៖
* គាំទ្រដល់បណ្តាស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្លាស់ប្តូរព័ត៌មាន កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ថ្នាក់ជាតិ និងកម្រិតសហគ្រាស គ្រឹះស្ថាន ដើម្បីពង្រឹងអនុលោមភាពតាមបទដ្ឋានសង្គម និងការងារដូចមានចែងនៅក្នុងច្បាប់ស្តីពីការងារនៅកម្ពុជា និងអនុសញ្ញាអន្តរជាតិនានា ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រនៅកន្លែងធ្វើការ។
* ផ្ដល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីគម្រោង GIZ, FABRIC ដល់ក្រសួងការងារ ដើម្បីពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។
* ផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងការងារ សម្រាប់អនុវត្តសកម្មភាពទាំងឡាយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីដែលធ្វើការក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ៕