(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោកប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម ដើម្បីណែនាំខ្លួនទីប្រឹក្សាផ្នែកគោលនយោបាយនៃ JICA ដែលទើបបានតែងតាំងថ្មី បម្រើការងារនៅក្រសួងធនធានទឹក និងឧតុនិយម ។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍ចំពោះលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា និងសហការី ព្រមទាំងបានអបអរសាទរ ចំពោះលោក Doi Yoshihilo ដែលត្រូវបានជ្រើសតាំងជាទីប្រឹក្សាគោលនយោបាយផ្នែកធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៃ JICA ប្រចាំក្រសួងធនធានទឹក និងឧតុនិយម បន្តពីលោក Shiozawa Kenichi ដែលនឹងត្រូវចប់អណត្តិការងារនៅកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលលោក Shiozawa Kenichi ខិតខំប្រឹងប្រែងបំពេញ និងសម្រេចបានក្នុងអណត្តិការងាររបស់លោកនៅកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការបានល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង JICA តាមរយៈការគាំទ្រលើការគ្រប់គ្រងនិងអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
រដ្ឋមន្រ្តី ក៏បានជូនពរដល់លោក Shiozawa Kenichi ឲ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការងារថ្មីរបស់លោក និងបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការបន្តកិច្ចសហការល្អ ជាមួយលោក Doi Yoshihilo ដើម្បីនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់កិច្ចការពាក់ព័ន្ធនឹងវិស័យធនធានទឹក ដែលក្រសួងបាននិងកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន និងនាពេលខាងមុខ។
ជាមួយគ្នានោះផងដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបាន និងកំពុងរួមចំណែកជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យធនធានទឹក ផងដែរ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។
លោកប្រធាន JICA ប្រចាំកម្ពុជា បានគោរពថ្លែងអំណរគុណចំពោះរដ្ឋមន្រ្តីដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសំដែងការគួរសមដើម្បីណែនាំទីប្រឹក្សាគោលនយោបាយថ្មី លោក Doi Yoshihilo សម្រាប់អណត្តិការងាររយៈពេល០២ ឆ្នាំ (២០១៩-២០២១)។
តាងនាម លោក Shiozawa Kenichi ដែលត្រូវចប់អណត្តិការងារ និងលោក Doi Yoshihilo ដែលនឹងត្រូវទទួលការងារបន្ត លោកប្រធាន JICA ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ ក្រសួងធនធានទឹក និងឧតុនិយម ជាពិសេស លោករដ្ឋមន្រ្តីផ្ទាល់ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់រូបលោកទាំងពីរក្នុងការបំពេញការងារនាពេលកន្លងមក និងសម្រាប់ពេលខាងមុខ។
តាមរយៈកិច្ចពិភាក្សាក្នុងជំនួប រដ្ឋមន្រ្តី និងលោកប្រធាន JICA ប្រចាំកម្ពុជា បានផ្តោតលើការងារជាអាទិភាពក្នុងវិស័យធនធានទឹក និងការរួមចំណែកជួយគាំទ្ររបស់ជប៉ុន ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា។
លោករដ្ឋមន្រ្តី និងលោកប្រធាន JICA ប្រចាំកម្ពុជា បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និង JICA ឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីធ្វើឲ្យវិស័យធនធានទឹក ដើរតួនាទីជាស្នូលកាន់តែសំខាន់ក្នុងការរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកលូតលាស់ជាបន្ត ប្រកបដោយចីរភាព ។
សូមជម្រាបថា រហូតមកដល់ពេលនេះ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ជប៉ុនបានជួយគម្រោងពាក់ព័ន្ធមួយចំនួនមានជាអាទិ៍៖ ការស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត, ការប្រើប្រាស់ធនធានទឹកអាងទន្លេ, ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្នែកបច្ចេកទេសតាមរយៈការចាត់បញ្ជូនជំនាញការ/ទីប្រឹក្សារយៈពេលខ្លី និងមធ្យម បម្រើការជួយក្នុងគម្រោង ក៏ដូចជាសម្រាប់ក្រសួងផងដែរ៕