នាយឧត្តមសេនីយ៍ វង្ស ពិសេន សុំឲ្យម៉ាឡេស៊ី បន្តផ្លាស់ប្ដូរព័ត៌មានតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា សហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា
09-07-2019 11:23
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អែលឌីន ហ៊ូសានីប៊ីន ម៉ូត ហាសុីម (ELDEEN Husainibin Mohd Hashim) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។
នាឱកាស នៃពិធីសំណេះសំណាល អគ្គមេបញ្ជាការ បានលើកឡើងអំពីស្ថានភាពទូទៅនៃប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើឱ្យបន្តផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមកតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងរួមសហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។
អគ្គមេបញ្ជាការ បានបន្តថ្លែងថា «សូមឱ្យប្រទេសយើងទាំងពីរ កម្ពុជា-ម៉ាឡេស៊ី បន្តទំនាក់ទំនង និងសហប្រតិបត្តិការល្អនិងគ្នា និងមានការផ្លាស់ប្ដូរប្រតិភូជាន់ខ្ពស់ រហូតដល់ប្រតិភូថ្នាក់ជំនាញ»។
ជាមួយគ្នានេះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសំនូមពរឱ្យប្រទេសម៉ាឡេស៊ី បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ឱ្យបានច្រើនបន្ថែមទៀត។
នៅចុងបញ្ចប់នៃពិធី អគ្គមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៕