(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋ នៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ដែលមានក្លិនមិនល្អចេញពីកសិដ្ឋានចិញ្ចឹមសត្វទា ដែលបានបណ្តាលឲ្យរងផលប៉ះពាល់ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជិតនោះផងដែរ។
ក្រោយពីមានការចុះដោះស្រាយដោយផ្ទាល់ពីលោកអភិបាលខេត្តកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩រួចមក ក៏បានធ្វើឲ្យម្ចាស់កសិដ្ឋាន បានឯកភាពតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដោយសុំផ្លាស់ប្តូរកន្លែងចិញ្ចឹមរកទីតាំងថ្មីដែលនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ចៀសវាងធ្វើឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់អ្នកជិតខាង។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃដល់ប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានសារុង១ ដោយឡែកលោកយាយលោកតាចាស់ៗទទួលបានថវិកាបន្ថែមក្នុងម្នាក់ៗ២ម៉ឺនរៀល និងបានរៀបចំឲ្យមានពិសារអាហារសាមគ្គីជួបជុំគ្នា ក្នុងស្មារតីស្និតស្នាលផងដែរ។
ក្រោយពីបញ្ចប់ការសម្របសម្រួល លោកបានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពប្រព័ន្ធធារាស្រ្ត និងដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកបាកាន និងបន្តពិនិត្យការសាងសង់លំនៅឋានលើដីផ្លូវទឹក នៅឃុំត្រពាំងជងផងដែរ៕