(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងជំរុញឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹងការអនុវត្តច្បាប់ យុទ្ធនាការពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាត ឱ្យបានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជំរុញយ៉ាងដូច្នេះនារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមេសា និងខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង សមាជិកសមាជិកាគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីការងារត្រួតពិនិត្យ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីសម្រួលដល់វិស័យឯកជនដូចជា៖ ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅតាមគោលដៅកំពង់ផែ និងការបើកបង្រៀនបើកបរយានយន្តដឹកទំនិញដោយឥតគិតថ្លៃ។
រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានលើកឡើងផងដែរ អំពីការសិក្សាគម្រោង នៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញនាពេលសព្វថ្ងៃនេះផងដែរ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងការកោតសរសើរ និងអំណរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងស្អិតរមួតកន្លងមក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះបានផ្តោតជាសំខាន់ លើការងារលិខិតបទដ្ឋានសំខាន់ៗ ការងារផ្សព្វផ្សាយអប់រំច្បាប់ ការងារឯកទេសជំនាញ ការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕