(ភ្នំពេញ)៖ សមាជិកក្រុមម៉ូតូធំកម្ពុជា BMW Motorcycle Club Cambodia ចំនួន១៥រូបដំបូងបង្អស់ បានជិះម៉ូតូធ្វើដំណើរឆ្លងកាត់ជួរភ្នំអាល់ ដែលជាជួរភ្នំទឹកកក វែងជាគេបង្អស់ នៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីពួកគេបានបញ្ចប់ការហ្វឹកហាត់ Enduro Training នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសនៃដើមកំណើតម៉ូតូ BMW។
លោក អ៊ុ ប៊ុនរ៉េត ប្រធានក្រុម BMW Motorcycle Club Cambodia បានឲ្យដឹងថា «សមាជិកក្រុមម៉ូតូ BMW កម្ពុជា ពិតជាមានមោទនភាពបំផុត មិនត្រឹមតែសម្រាប់ ក្រុមម៉ូតូប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញអំពីមោទនភាពជាតិផងដែរ ខណៈពួកយើងទាំង១៥រូប ជាយុវជនកម្ពុជាដំបូងបង្អស់ ដែលបានធ្វើដំណើរជិះម៉ូតូឆ្លងកាត់ ជួរភ្នំអាល់ ដែលជាជួរភ្នំទឹកកកវែងជាគេបង្អស់ នៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីពួកយើងបានបញ្ចប់ការហ្វឹកហាត់ការជិះម៉ូតូឆ្លងឧបសគ្គ នៅប្រទេសអាល្លឺម៉ង់»។
លោក អ៊ុ ប៊ុនរ៉េត បានបញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោកបានដឹកនាំសមាជិកក្រុមម៉ូតូ BMW កម្ពុជាចំនួន១៥រូប ដើម្បីចូលរួមក្នុងហ្វឹកហាត់ ការជិះម៉ូតូឆ្លងឧបសគ្គ Enduro Training នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលនេះជាលើកដំបូងរបស់កម្ពុជា ក្នុងការហ្វឹកហាត់ការជិះម៉ូតូធំឆ្លងឧបសគ្គ។
ប្រធានក្រុម BMW កម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ក្នុងការហ្វឹកហាត់នេះ ក្រុមរបស់លោកបានទទួលបទពិសោធន៍ជាច្រើន ដូចជាបានដឹងច្បាស់ អំពីប្រភេទម៉ូតូ BMW និងការប្រើប្រាស់ម៉ូតូ ហើយជាពិសេសនោះ គឺបទពិសោធន៍អំពីបច្ចេកទេស នៃការជិះម៉ូតូបត់បែនផ្លូវឧបសគ្គ ឡើងទួលចុះទួល ការជិះឆ្លងកាត់ទីទួលខ្ពស់ និងទាប។
ជាមួយគ្នានោះដែរ បន្ទាប់ពីបានបញ្ចប់ក្នុងការហ្វឹកហាត់ Enduro Training សមាជិកក្រុមម៉ូតូ BMW កម្ពុជាបានជិះម៉ូតូធ្វើដំណើរចេញពីអាល្លឺម៉ង់ ឆ្លងកាត់ប្រទេសអូទ្រីស ប្រទេសស្វីស និងប្រទេសអ៊ីតាលី ហើយអ្វីដែលធ្វើឲ្យពួកយើងមានមោទនភាពបំផុត និងរំភើបសប្បាយរីករាយនោះ គឺបានធ្វើដំណើរឆ្លងកាត់ជួរភ្នំអាល់ ដែលនេះជាលើកដំបូងបង្អស់សម្រាប់យុវជនកម្ពុជា ដែលជិះម៉ូតូឆ្លងកាត់ជួរភ្នំទឹកកកវែងជាគេនៅអឺរ៉ុប។
បន្ទាប់ពីហ្វឹកហាត់បាននាំគ្នាជិះលេងកម្សាន្ដតាមជួរភ្នំអាល់ ដែលជាជួរភ្នំទឹកកក ចេញពីអាល្លឺម៉ង់ ឆ្លងកាត់លប្រទេសអូទ្រីស ប្រទេសស្វីស និងប្រទេសអ៊ីតាលី៕