(ភ្នំពេញ)៖ លោក Senior Colonel Xu Wenhua នាយករងសាលាបណ្ឌិតសភាកាំភ្លើងធំ និងការពារអាកាសកងទ័ពជើងគោក កងទ័ពរំដោះប្រជាជនចិន បានឱ្យដឹងថា បើតាមផែនការបន្តទៀត នៅមុនឆ្នាំ២០២០ កងទ័ពរំដោះប្រជាជនចិន គ្រោងនឹងពង្រឹងលើការកសាងធនធានមនុស្ស ដោយផ្តោតសំខាន់លើចំណេះដឹងទូទៅ ការងារគ្រប់គ្រង និងជំនាញផ្នែកភាសាចិន ជាពិសេសផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានគ្រូយោធាចារ្យ។
ការលើកឡើងបែបនេះ Senior Colonel Xu Wenhua បានធ្វើឡើងនារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅឱកាសដែលលោកបានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការង និងជានាយសេនាធិការចម្រុះ នៃកងយោធពខេមរភូមិន្ទ។
នៅក្នុងឱកាសនោះដែរ លោក Senior Colonel Xu Wenhua បានថ្លែងថា វិទ្យាស្ថានទ័ពជើងគោកកម្ពុជា ត្រូវការជានិច្ចក្នុងការទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់គណៈកម្មការយោធាមជ្ឈឹម រួមទាំងផ្នែកទទួលការហ្វឹកហ្វឺន នៃកងទ័ពរំដោះប្រជាជនចិន។ រយៈពេល៤ឆ្នាំកន្លងមកនេះ អ្នកជំនាញកងទ័ពរំដោះប្រជាជនចិន បានកសាងបន្ថែមនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថានលើផ្នែករឹង និងធ្វើការកែសម្រួលលើផ្នែកទន់មួយចំនួនផងដែរ។
លោកបានបន្តថា នៅក្នុងផែនការផ្តល់ជំនួយ ដើម្បីអភិវឌ្ឍវិទ្យាស្ថានកងទ័ពជើងគោក នៅឆ្នាំ២០១៩នេះ គឺផ្តោតសំខាន់ទៅលើបណ្តុះបណ្តាលធនធានមនុស្ស ដែលបញ្ហាចម្បងសម្រាប់អ្នកជំនាញកងទ័ពរំដោះប្រជាជនចិន។ តាមរយៈការចុះសិក្សាស្វែងយល់លើកនេះ កងទ័ពទាំងពីរនឹងពង្រីកឱ្យកាន់ទូលំទូលាយ លើកិច្ចប្រតិបត្តិការផ្តល់ជំនួយបណ្តុះបណ្តាលដល់នាយទាហានជំនាន់ក្រោយរបស់កម្ពុជា។
គោលបំណងធំបំផុតនោះ គឺកងទ័ពរំដោះប្រជាជនចិន នឹងសហការជាមួយស្ថានប័ននានា ដែលពាក់ព័ន្ធជាពិសេស គឺវិទ្យាស្ថានកងទ័ពជើងគោក ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់វិទ្យាស្ថាន ក៏ដូចជាកំណត់ទិសដៅសម្រាប់គម្រោងជំនួយ នាពេលអនាគតបន្ថែមទៀត។ មួយផ្នែកទៀតនោះ ក្រុមជំនាញនឹងចុះទៅសិក្សានៅតាមបណ្តាប្រភេទទ័ពរបស់កម្ពុជា ដូចជារថក្រោះ រថពាសដែក កាំភ្លើងធំ ដើម្បីស្វែងយល់បន្ថែម ព្រមទាំងសំណូមពរនានា ដើម្បីឱ្យកងទ័ពចិន ជួយសម្របសម្រួលកសាងចំណុចទាំងនោះផងដែរ។
បន្ថែមពីនេះកម្ពុជា និងចិន នឹងរួមគ្នាបង្កើតកម្មវិធីសិក្សាដែលសមស្រប ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍរបស់កងទ័ពនាពេលបច្ចុប្បន្ននេះ។ មួយផ្នែកទៀត ត្រូវរៀបចំការងារបង្រៀនរបស់វិទ្យាស្ថានចំនួន៧ជំនាញរួមមាន៖ ជំនាញវិស្វកម្ម, ជំនាញកាំភ្លើងធំ, ជំនាញការពារអាកាស, ជំនាញគីមីសាស្ត្រ, ជំនាញបញ្ជូនសារ ព្រមទាំងមុខជំនាញផ្សេងៗទៀត ទៅតាមសំណុំពររបស់វិទ្យាស្ថានកងទ័ពជើងគោកកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់សម្ភារបច្ចេកទេសនានា ដើម្បីចូលរួមកសាងកងយោធពលខេមរភូមិន្ទ ដោយភាពស្មោះត្រង់ ស្ទើរគ្រប់អង្គភាពទ័ព ដោយក្នុងនោះមានវិទ្យាស្ថានកងទ័ពជើងគោកកម្ពុជាជាដើម។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ក៏បានឱ្យយោបល់ដល់កងទ័ពរំដោះប្រជាជនចិន ពិនិត្យមើលផ្នែករឹង និងផ្នែកទន់នានា ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ បំពាក់គ្រឿងបរិក្ខាទ័ព បណ្តុះបណ្តាលយោធាចារ្យវ័យក្មេងកម្ពុជា ដើម្បីចូលរួមចំណែកបម្រើការងារ កងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លើកិច្ចការការពារជាតិ ប្រឆាំងនឹងការឈ្លានពានណាមួយពីពួកអមិត្ត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏សំណូមពរឱ្យភាគីចិន បញ្ជូនគ្រូយោធាចារ្យជាជនជាតិចិន មកស្នាក់នៅកម្ពុជា ដើម្បីជួយបណ្តុះបណ្តាល ដល់យោធិនកម្ពុជាលើផ្នែកភាសា ឱ្យកាន់មានប្រសិទ្ធភាពបន្ថែមទៀត ព្រោះថាក្នុងជួរកងទ័ពកម្ពុជា នៅខ្វះខាតយ៉ាងខ្លាំងអ្នកចេះភាសាចិន ដើម្បីទំនាក់ទំនងការងារផ្សេងៗ។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យភាគីចិន បង្កើនចំនួនអ្នកសិក្សាភាសាចិន ឱ្យកាន់តែច្រើនឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅតាមបណ្តាលកងឯកភាពទ័ពនានាផងដែរ៕