(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Alexander Feldman និងលោក Michael W. Wichalak។
ក្នុងនាមគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន, លោក Alexander Feldman មានប្រសាសន៍ថា ដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលនេះ មានការចូលរួមពីក្រុមហ៊ុនធំៗ អាមេរិកចំនួន ១៥ និងមានគោលបំណងស្វែងយល់នូវឱកាសវិនិយោគ ក៏ដូចជាដើម្បីធ្វើការពិភាក្សាលើបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា។
លោក វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានទាំងអស់ ហើយលោក និងសហការីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានសេចក្តីសោមនស្សរីករាយ ក្នុងការពិភាក្សាលើបញ្ហានានា ដែលជាសំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអាមេរិក ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគថ្មីពីអាមរិកបន្ថែមទៀត ក្នុងគោលដៅពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មីទៀត ដើម្បីផលប្រយោជន៍ទាំងសងខាង ក្នុងរយៈពេលវែង។
លោកបានគូសបញ្ជាក់ថា កម្ពុជាចង់បានការវិនិយោគបន្ថែមកាន់តែច្រើនពីអាមេរិក ដើម្បីធ្វើពិពិធកម្ម, បង្កើតការងារ និងបង្កើនតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីតភ្ជាប់កម្ពុជាទៅកាន់ខ្សែសង្វាក់ផលិតកម្មនៅតំបន់ និងពិភពលោក ជាពិសេសការផ្ទេរនូវចំណេះដឹង, បច្ចេកវិទ្យា, នានុវត្តន៍ និងសហគ្រិនភាពជាដើម។
លោកបានបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាបាន និងកំពុងបន្តរីកចំរើនទៅមុខយ៉ាងលឿន។ ក៏ប៉ុន្តែនិន្នាការនិងភាពមិនប្រកដប្រជាមួយចំនួនក្នុងពិភពលោក និងតំបន់ បាននាំមកនូវទាំងកាលានុវត្តភាព ទាំងហានិភ័យ និងបញ្ហាប្រឈមមកជាមួយគ្នាផងដែរ។ កម្ពុជាមានការប្តេជាចិត្តខ្ពស់ក្នុងការជំនះឱ្យបាននូវរាល់បញ្ហាប្រឈមទាំងនេះ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍប្រទេសឱ្យទាន់ចរន្តក្នុងតំបន់ និងនាំប្រទេសកម្ពុជាឱ្យឈានទៅដល់កម្រិតនៃការអភិវឌ្ឍថ្មីមួយទៀត។
ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងបន្តជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដោយជំរុញបង្កើនពិពិធកម្ម និងភាពប្រកួតប្រជែងសេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍ចំនួន ៤ ធំៗ រួមមាន៖
១៖ វិធានការស្រូបយកការប៉ះទង្គិចផលវិបាកពីវិបត្តិណាមួយជាយថាហេតុ
២៖ វិធានការដោះស្រាយបញ្ហារចនាសម្ព័ន្ធ ក្នុងនោះមានការបង្កើនភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃដើម ជាពិសេសការផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអគ្គីសនី, ការធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្មទំនិញ និងទីផ្សារ ៣៖ វិធានការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានទាំងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ
៤៖ បង្កើនប្រសិទ្ធភាពក្នុងវិស័យសាធារណៈ ដើម្បីកសាងរដ្ឋបាលសាធារណៈមួយ ដែលកាន់តែស្អាតស្អំ, ឆ្លាតវៃ និងខ្លាំងពូកែមានសមត្ថភាពខ្ពស់ (A Cleaner, Smarter & Stronger Government)។
លោក វង្សី វិស្សុត ក៏បានធ្វើការពិភាក្សាផងដែរ អំពីសក្តានុពល និងការទាញយកធនធានប្រេងកាតក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា ដែលបានលើកឡើងដោយក្រុមហ៊ុន ConocoPhillips។ ក្រៅពីការផ្គត់ផ្គង់គ្រឿងបរិក្ខាពេទ្យ, លោក វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន GE ក្នុងការចូលរួមអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាផងដែរ។
ចំពោះចំណាប់អារម្មណ៍ និងមតិលើកឡើងរបស់តំណាងក្រុមហ៊ុន VISA, MASTERCARD, AMAZON, Facebook និង ORACLE ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល, E-Commerce, E-Payment System និង Cloud Policy ជាដើមនោះ, លោក វង្សី វិស្សុត មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយ ស្តីពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដែលជាក្របខ័ណ្ឌគោលនយោបាយវែង សម្រាប់នាំកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នៅក្នុងរយៈពេលពី ១៥ ទៅ ២០ ឆ្នាំខាងមុខ។
លោកបានគូសបញ្ជាក់ថា អាទិភាពដំបូងគេនៅក្នុងក្របខណ្ឌនេះ គឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចឌីជីថល ពិសេសវិស័យអគ្គីសនី និងការតភ្ជាប់ផ្នែកឌីជីថលនៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាការបង្កើតនូវប្រព័ន្ធអេកូ (Ecosystem) សម្រាប់ជំរុញដល់សកម្មភាពសេដ្ឋកិច្ចនានា នៅក្នុងសេដ្ឋកិច្ចឌីជីថល។ ទន្ទឹមនឹងនេះ កម្ពុជាក៏នឹងជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិច E-Commerce ឱ្យបានខ្លាំងក្លាថែមទៀត ព្រោះបច្ចុប្បន្ននៅមានចំណែកតូចនៅឡើយ តាមរយៈការរៀបចំក្របខណ្ឌនីតិកម្ម រួមទាំងគោលនយោបាយពន្ធដារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទាំងផ្នែករឹង និងទន់ ដូចជា National Payment Platform ជាដើម។
ដោយឡែកពាក់ព័ន្ធចំពោះការលើកឡើងពាក់ព័ន្ធ នឹងការបញ្ឈប់ការនាំចូលប្រេងតាមផ្លូវគោក ខាងភាគីកម្ពុជាបានស្នើសុំឱ្យមានការយោគយល់ ព្រោះការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីពង្រឹងការប្រមូលចំណូល ក៏ដូចជាពង្រឹងប្រសិទ្ធភាព ក្នុងការទប់ស្កាត់អំពីរត់គេចពន្ធ។ ពិតណាស់ថា ក្រុមហ៊ុនមួយចំនួនអាចជួយប្រទះនូវការលំបាកខ្លះក្នុងរយៈពេលខ្លី តែការដាក់ចេញនូវវិធានការទាំងនេះ នឹងជួយលើកកម្ពស់អនុលោមភាពពន្ធ និងការប្រកួតប្រជែងដោយស្មើភាពនៅក្នុងរយៈពេលវែង។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងយកចិត្តទុកដាក់នូវសំណូមពរទាំងនេះ ទន្ទឹមនឹងការខិតខំធានាឱ្យមាននូវបរិយាកាសវិនិយោគអនុគ្រោះ និងផ្តល់ប្រព្រឹត្តកម្មដោយស្មើភាពដល់ក្រុមហ៊ុនទាំងអស់៕