(សៀមរាប)៖ បដិមាធំមួយប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា៥៤សង់ទីម៉ែត្រ និងចង្កេះទំហំ៤៤សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញនៅជ្រុងឦសាន នៃកសិន្ធុប្រាសាទព្រះគោ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
បដិមានេះ ត្រូវបានប្រទះឃើញដោយប្រជាជន ដែលរស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។
លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមាបានឱ្យដឹងថា កន្លងមកលោកតែងជីកយកដី នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចក្នុងកសិន្ធុក្បែរប្រាសាទព្រះគោ ដើម្បីបំពេញកន្លែងទឹកដក់ក្រោយផ្ទះរបស់គាត់។
លោក មិច បន្តថា ដំបូងឡើយមិននឹកស្មានថា ជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាលបេតិកភណ្ឌ ដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។
លោកអនុសេនីយិ៍ទោ អួន យ៉ង់ នគរបាលបេតិកភណ្ឌប្រចាំឧទ្យានរលួសបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងភ្លាម លោកបានស្នើសុំឱ្យផ្អាកសកម្មភាព រង់ចាំលោកចុះមកពិនិត្យដល់ទីតាំងផ្ទាល់ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ។
សមត្ថកិច្ចរូបនេះបានបញ្ជាក់ថា កន្លងមកមានប្រជាជនបានជួបប្រទះនូវបដិមាផ្សេងៗដូចករណីនេះជាច្រើនដងមកហើយ និងបានរាយការណ៍ដល់សមត្ថកិច្ចជាប្រចាំ ដែលនេះជាសកម្មភាពដ៏គំរូគួរយកតម្រាប់តាម។
លោកបានអំពាវនាវដល់ប្រជាជន ក៏ដូចជាសាធារណជនទាំងអស់ ដែលបានប្រទះឃើញនូវបដិមា សំណល់បុរាណវត្ថុនៅកន្លែងណាក៏ដោយ សូមប្រគល់ឬរាយការណ៍ដល់អាជ្ញាធរកុំបីខាន។
សូមបញ្ជាក់ថា បដិមាដែលបានរកឃើញមិនពេញលក្ខណៈពេញលេញជាតួខ្លួននោះទេ ព្រោះព្រះកេស ព្រះហស្ថទាំងសងខាង និងព្រះបាទទាំងពីរត្រឹមជង្គង់ត្រូវបានបាត់បង់ និងត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុក នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដោយមានការចូលរួមពីតំណាងនគរបាលការពារបេតិកភណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នៃខេត្តសៀមរាប៕