(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះបានបញ្ជាក់ឲ្យដឹងថា ករណីដែលស្ត្រីសិចស៊ីម្នាក់ ដែលលក់ផលិតផល Live តាម Facebook ហើយត្រូវបុរសជាសង្សារវាយឲ្យរបួសនោះ សមត្ថកិច្ចស្រាវជ្រាវ និងទំនាក់ទំនងជនរងគ្រោះបានហើយ ដោយជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងបុរសជាសង្សារ ដើម្បីចាត់ការតាមនីតិវិធី។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដោយសារតែស្ត្រីរងគ្រោះអស់កម្លាំងខ្លាំង មិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន ទើបស្ត្រីរងគ្រោះសំណូមពរ ឲ្យសមត្ថកិច្ចជួយធ្វើពាក្យបណ្តឹង នៅក្នុងផ្ទះរបស់គាត់។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ថៃ ស្រីនាង រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុង Facebook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ Account Facebook របស់ជនរងគ្រោះឈ្មោះ ថៃ ស្រីនាង ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មានជាច្រើននៅលើបណ្តាញសង្គម ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយប៉ុស្តិ៍នគរបាលបឹងកក់១ ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះ ដើម្បីធ្វើការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ ដោយស្ថានភាពរងរបួសធ្ងន់ ធ្វើឲ្យជនរងគ្រោះអស់កម្លាំងខ្លាំង ដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន គាត់ក៏បានសំណូមពរឲ្យសមត្ថកិច្ចទៅជួយទៅធ្វើពាក្យបណ្តឹងនៅផ្ទះរបស់គាត់។ ប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងរួចរាល់ហើយ និងបន្តចាត់ការតាមនិតិវិធីច្បាប់»។
សូមជម្រាបថា ស្ត្រីស៊ិចស៊ី Live លក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង បានរងរបួសលើផ្ទៃមុខយ៉ាងដំណាំ ដោយនាងបានអះអាងក្នុង Facebook ថា ត្រូវបុរសជាសង្សារវាយធ្វើបាបជាញឹកញយ មិនតិចជាង១៣០ដងទេ ចាប់តាំងពីស្គាល់គ្នាមក។ ការប្រើអំពើហិង្សារនេះ បានធ្វើឲ្យអ្នកលេង Facebook នាំគ្នារិះគន់លើជនបង្ក ដែលវាយធ្វើបាបស្ត្រីទន់ខ្សោយ៕