(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលសហការរៀបចំរវាង វ.ស.ស. និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរខេត្តនិងថ្នាក់មូលដ្ឋាន តំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តប្រមាណជិត ២០០នាក់។
តាមរយៈវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិលបានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានៅឆ្នាំ២០៣០ ដើម្បីឈានទៅបង្កើតភាពជាដៃគូប្រកបដោយប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ក្នុងការចូលរួមធ្វើឱ្យសម្រចបាននូវគោលដៅនេះ ព្រមទាំងបានយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់នានាដែលអង្គការសង្គមស៊ីវិលត្រូវបំពេញ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ជាងនេះទៀត អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធបានធ្វើការពិភាក្សាពិគ្រោះយោបល់យ៉ាងទូលំទូលាយនិងផុសផុលដោយត្រង់ទៅត្រង់មក លើបញ្ហាប្រឈមជាក់ស្តែង រួមទាំងសំណូមពរមួយចំនួនផងដែរ ដើម្បីសហការស្វែងរកដំណោះស្រាយជាមួយគ្នា។
ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់ បន្តកិច្ចសហការជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសជាមួយរាជរដ្ឋាភិបាល ត្រូវពង្រឹងសាមគ្គីភាពជាមួយគ្នា និងបង្កើតភាពជាដៃគូដោយឆន្ទៈស្មោះត្រង់រវាងគ្នា ព្រមទាំងត្រូវចូលរួមគោពអនុវត្តច្បាប់ជាធរមាន ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។