(ភ្នំពេញ)៖ គណប្រតិភូព្រះសង្ឃប្រទេសស្រីលង្ការ បាននិមន្តមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីការវិវត្តិរីកចម្រើន និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា និងដើម្បីផ្លាស់ប្ដូរទស្សនៈ ក៏ដូចបទពិសោធន៍ទៅវិញទៅមកសំដៅរួមកម្លាំង ថែរក្សាព្រះពុទ្ធសាសនា ឲ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់ជាម្លប់នៃការគោរពប្រតិបត្តិ របស់ពុទ្ធសាសនិកជនគ្រប់ៗរូប។
គណប្រតិភូព្រះសង្ឃប្រទេសស្រីលង្ការនេះ ដឹកនាំដោយព្រះតេជគណសាស្រ្តាចារ្យបណ្ឌិត K.RahuLa រាហុលនាយកវិទ្យាស្ថានក្រោមឧត្ដមនៃភាសាបាលី និងពុទ្ធិកសិក្សានៃសកលវិទ្យាល័យកល្យាណីយ៍នៃ ប្រទេសស្រីលង្ការបាននិមន្តមកកម្ពុជានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។
នៅរសៀលថ្ងៃដដែលនោះ គណប្រតិភូបាននិមន្តចូលក្រាបបង្គំគាល់សម្ដេចព្រមហសុមេធាធិបតី នន្ទ ង៉ែត នៅវត្តបុទវត្តី ដើម្បីបានយល់កាន់តែច្បាស់អំពី ការរីកចម្រើនធំធាត់នៃ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា រួមទាំងវប្បធម៌ប្រពៃណីដែលកម្ពុជាផងដែរ។
ទាក់ទងវិស័យព្រះពុទ្ធសាសនា សម្ដេចព្រះមហសុមេធាធិបតី នន្ទ ង៉ែត មានព្រះសង្ឃដីកាថា វិស័យព្រះសាសនានៅកម្ពុជា ត្រូវបានបាត់បង់ទាំងស្រុង នៅក្នុងរបបខ្មែរក្រហម។ ប៉ុន្តែជាបុណ្យកុសលបានរស់រានមានរូបរាងឡើងវិញ នៅក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រោមការគាំពារពីរដ្ឋាភិបាលកម្ពុជា ពិសេសការជឿជាក់ និងការរួមចំណែកយ៉ាងសកម្មពី ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ទើបវិស័យសាសនានៅកម្ពុជា ទទួលបានការរីកចម្រើន ដូចសព្វថ្ងៃនេះ។
បច្ចុប្បន្ននេះនៅក្នុងជួរមន្រ្តីសង្ឃមាន ព្រះសង្ឃមានសមត្ថភាព ប្រកបដោយចំណេះទាំងផ្នែក ព្រះពុទ្ធសាសនា និងចំណេះដឹងទូទៅជាច្រើន សម្រាប់បន្តដឹកនាំវិស័យព្រះពុទ្ធសាសនា នៅកម្ពុជាឲ្យកាន់រីកចម្រើន និងរឹងមាំទ្វេថែមទៀតផង។
ចំពោះចំណងនៃកិច្ចសហការរវាងព្រះសង្ឃកម្ពុជា និងព្រះសង្ឃស្រីលង្ការ លើវិស័យព្រះពុទ្ធសាសនានេះ ព្រះតេជគុណ យ៉ន កុសល្យ ដែលកំពុងសិក្សាថ្នាក់បរិញ្ញ នៅប្រទេសស្រីលង្ការមានពុទ្ធិកាឲ្យដឹងថា បច្ចុប្បន្នមានព្រះសង្ឃខ្មែរកំពុងស្នាក់នៅសិក្សា នៅប្រទេសស្រីលង្ការមានជាង១០០អង្គ កំពុងសិក្សាលើផ្នែកទស្សនវិជ្ជាព្រះពុទ្ធសានា ,ភាសាបាលី និងសំស្រ្តឹតចាប់ពីថ្នាក់បឋមសិក្សា, អនុវិទ្យាល័យ, វិទ្យាល័យ និងថ្នាក់បរិញ្ញា។
ព្រះតេជគុណឲ្យទៀតថា ការសិក្សារបស់ព្រះសង្ឃកម្ពុជា នៅស្រីលង្ការទាំងអស់ទទួលបានមកពី ការជួយឧបត្ថម្ភពី មន្ត្រីសង្ឃកម្ពុជាតាមបណ្ដាវត្តនានា ដែលមានលទ្ធភាពបញ្ជូន ក្នុងនោះមួយចំនួន បានមកពីការជួយឧបត្ថម្ភ ប្រកបដោយសុទ្ធាជ្រះថ្លារពីលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សំខាន់ដែលជានិច្ចកាល តែងតែបានចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែក ដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងការកសាងសមិទ្ធផលនានាតាមទីវត្តអារាម។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលគណប្រតិភូព្រះសង្ឃ ប្រទេសស្រីលង្ការបាន និមន្តមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លើកនេះក៏ដូចលើកមុនៗដែរក្រៅពី ធ្វើសិក្សាស្វែងយល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក៏បាននិមន្តទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ និងប្រាសាទនានាពិសេសប្រាសាទអង្គរកម្ពុជាផងដែរ៕