(បន្ទាយមានជ័យ)៖ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានកិនកម្ទេចចោល បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ (ប្រែន) ២៣២គ្រឿង ដែលកម្លាំងនគរបាលរបស់លោក បង្រ្កាប និងដកហូតពីក្រុមក្មេងទំនើងបើកបរបង្កសម្លេងលាន់ឮរំខានការរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ។
នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សន គឹមសួរ៍ ប្រាប់ឱ្យដឹងថា បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ (ប្រែន) ខាងលើ ត្រូវបានកម្លាំង នគរបាលការិយាល័យចរាចរណ៍ខេត្ត និងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩ ខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបដកហូតតាមដងផ្លូវរយៈពេល ៥ខែមកហើយ ដោយឡែក អ្នកបើបបរប្រព្រឹត្តល្មើសសមត្ថកិច្ចអប់រំ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់បែបនោះទៀត។
នាយការិយាល័យ ប្រាប់ទៀតថា អនុវត្តតាមបញ្ជាផ្ទាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម កម្លាំងនគរបាលចរាចរណ៍ខេត្តក៏ដូចជា តាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ តែងតែចុះទប់ស្កាត់ និងបង្រ្កាបម៉ូតូកែច្នៃខុសបច្ចេកទេសបំពង់ស៊ីម៉ាំង (ប្រែន) ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបទដ្ឋានបច្ចេកទេស និងការកែច្នៃលេងភ្លើងឡាស៊ែខុសបច្ចេកទេសជាដើមនោះ។
នាយការិយាល័យ បញ្ជាក់ឱ្យដឹងទៀតថា ច្បាប់ចរាចរណ៍ផ្លូវគោកត្រង់មាត្រា ៦៦ ចែងថា មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវឃាត់យានជំនិះ មិនឱ្យធ្វើចរាចរណ៍ ឬឃាំងទុកមិនលើស៣ថ្ងៃ ដើម្បីធ្វើការផាកពិន័យ និងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរប្រព្រឹត្តល្មើស និងបទបញ្ញត្តិចរាចរណ៍ អនុវត្តនៅត្រង់ចំណុច៤យានជំនិះដែលបញ្ចេញផ្សែងខ្លាំង ឬសម្លេងម៉ាស៊ីនខ្លាំងលើសបទដ្ឋានបច្ចេកទេសឬបំពាក់ប្រព័ន្ធភ្លើងខុសស្តង់ដារកំណត់រំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នករស់នៅជាប់ដងផ្លូវនោះ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជំរុញឱ្យកងកម្លាំងនគរបាលក្រោមបង្គាប់ ត្រូវបន្តចុះទប់ស្កាត់នូវការប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ដែលកែច្នៃខុសបច្ចេកទេសបង្កប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈ ពីព្រោះថា ការប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង (ប្រែន) និងការប្រើប្រាស់រថយន្តបំពង់ស៊ីម៉ាំង (ប្រែន) នៅលើថ្នល់ប្រជាពលរដ្ឋ បានធ្លាប់ប្តឹងរាយការណ៍មកលោកផ្ទាល់ពីការរំខាន នៃការរស់នៅរបស់ពួកគាត់ និងសំណូមពរឱ្យមានការទប់ស្កាត់។
លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវឱ្យក្មួយៗយុវជន ដែលប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូ (ប្រែន) ត្រូវបញ្ឈប់នាំគ្នានាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់សាធារណៈនិងរក្សាសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាលើកទី២ហើយ ដែលធ្វើពិធីកំទេចចោលបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃខុសបច្ចេកទេស។ លើកទី១ បានកិនកំទេចចោលជាង៣០០គ្រឿង និងលើទី២ កិនកំទេចចោលជាង២០០គ្រឿង៕