(កំពង់ធំ)៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធីអបអរសាទរខួប ២ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០១៩) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាព លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរ ប្រាសាទសំបូរព្រៃគុក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត កងកម្លាំងប្រដាប់អាវុធយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋប្រមាណជិត ២០០០នាក់ផងដែរ។
លោក សុខ លូ បានលើកឡើងថា ការប្រារព្ធពិធីអបអរសាទរ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ដើម្បីរំលឹកដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកស្នាដៃដ៏មហាអស្ចារ្យនៃស្ថាបត្យកម្មខ្មែរ ឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជា ជាពិសេសប្រាសាទសំបូរព្រៃគុក ឲ្យកាន់តែល្បីល្បាញខ្ទរខ្ទារថែមទៀត។
លោកបន្ថែមទៀតថា ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំពុះពារ ព្យាយាមលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការស្នើ តំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាបេតិកភណ្ឌខ្មែរទី៤ បន្ទាប់ពីប្រាសាទអង្គរវត្ត ឆ្នាំ១៩៩២ របាំក្បាច់បូរាណខ្មែរ (របាំព្រះរាជទ្រព្យ) ឆ្នាំ២០០៣ និងប្រាសាទព្រះវិហារ ឆ្នាំ២០០៨។
លោក ជុច ភឿន បានបញ្ជាក់ថា ការដាក់ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ពិតជាមានសារៈសំខាន់ និងមានមោទនភាពខ្លំាងណាស់សម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្តយ៉ាងត្រជាក់ចិត្ត ដោយសារនៅជុំវិញប្រាសាទសំបូរ ទៅដោយដើមឈើជាច្រើន ជួយលើកសម្រស់ប្រាសាទឲ្យកាន់តែ ស្រស់ស្អាតថែមទៀត។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរប្រាសាទសំបូរព្រៃគុក ខិតខំជួយការពារ និងថែរក្សាបេតិកភណ្ឌនេះឲ្យបានគង់វង្សទៅអនាគតនូវវប្បធម៌ដែលជាអត្តសញ្ញាណរបស់ជាតិយើង ជាពិសេស ក្មួយៗយុវជនទាំងអស់បង្កើនការយកចិត្តទុកដាក់ស្វែងយល់ និងស្គាល់ឲ្យច្បាស់អំពីតួនាទី ចំបងរបស់ខ្លួន ក្នុងការការពារ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថែរក្សាស្ថេរភាពនយោបាយ និងសម្បត្តិបេតិកភណ្ឌពិភពលោកនេះឲ្យបានគង់វង្ស និងកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប៕