(ភ្នំពេញ)៖ ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ពេលក្លាយទៅជាសមាជិកនៃអង្គការបណ្តាញអន្ដរជាតិឫស្សី និងផ្ដៅ ដែលមានទីតាំងនៅប្រទេសចិន។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ចំពោះការចូលជាសមាជិកនៃអង្គការបណ្តាញអន្ដរជាតិឫស្សី និងផ្ដៅ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។
លោក វេង សាខុន បានឲ្យដឹងថា នៅពេលដែលកម្ពុជា ក្លាយជាសមាជិកនៃអង្គការបណ្តាញអន្ដរជាតិឫស្សី និងផ្ដៅនេះ អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានរួមមាន៖
ទី១៖ បានស្វែងយល់អំពីដំណើរការវិវត្ដ នៃការដាំដុះឫស្សី តើមានអត្ថប្រយោជន៍បែបណា ទៅដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងតំបន់ ឬក៏ឆ្លើយតបទៅតាមទីផ្សារពិភពលោក។
ទី២៖ ការកសាងសមត្ថភាពរបស់មន្ដ្រីរបស់យើង ដែលពាក់ព័ន្ធទៅនឹងការដាំដុះឫស្សី ជាពិសេសរដ្ឋបាលព្រៃឈើ។
ទី៣៖ ការដាំដុះឫស្សីនេះ ទាញអត្ថប្រយោជន៍សំខាន់ ទៅដល់ការថែទាំបរិស្ថានបៃតងរបស់កម្ពុជា ដែលមាននិរន្ដមានភាពល្អប្រសើរ។
រដ្ឋមន្ដ្រីកសិកម្មក៏បានបញ្ជាក់ថា «ការដាំដុះឈើ នៅពេលប្រមូលផលនៅសល់ដីទទេ ប៉ុន្ដែដល់ពេលដាំឫស្សី គឺយើងប្រមូលផលរហូត។ នៅពេលដែលយើងដាំដុះ រយៈពេល២ឆ្នាំ ឬ៣ឆ្នាំ យើងបានផល យើងបានផលជាបន្ដបន្ទាប់»។
លោក វេង សាខុន បានបន្ថែមថា បច្ចុប្បន្ននេះ ឫស្សីត្រូវបានគេយកទៅកែច្នៃ ជាសម្ភារ និងគ្រឿងសង្ហារឹម ក៏ដូចជាធ្វើសាប៊ូជាដើម។ លោកថា ឫស្សីភាគច្រើន គឺដុះនៅតំបន់សើម និងតំបន់នៅជិតមាត់ព្រែក ហើយវាក៏មានលទ្ធភាព ដុះនៅតំបន់ដែលដីមានសំណើម និងនៅលើ ជើងភ្នំ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើ ជាសេនាធិការ បានចាប់ផ្តើមអនុវត្តច្បាប់ស្តីពី «ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ» ដែលច្បាប់នេះ ត្រូវបានព្រឹទ្ធសភា អនុម័តកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ រង់ចាំតែព្រះរាជក្រមរបស់ព្រះមហាក្សត្រ ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ច្បាប់នេះ គោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រជាសហគមន៍ ក្រុមហ៊ុន ដោយជំរុញ និងលើកទឹកចិត្តពួកគាត់ តាមរយៈយន្តការនៃការដាំដុះ ថែរក្សា កែច្នៃ និងប្រើប្រាស់ ដើម្បីលើកតម្កើងគុណតម្លៃ របស់វត្ថុធាតុដើម ដែលមានតម្លៃផ្នែកសេដ្ឋកិច្ច និងសង្គមមួយនេះ។
ជាក់ស្ដែង នាពេលថ្មីៗនេះ មានក្រុមហ៊ុនក្នុងស្រុកមួយ គ្រោងដាំឫស្សីលើផ្ទៃដី១ម៉ឺនហិកតា និងបង្កើតរោងចក្រកែច្នៃឫស្សីជាសម្ភារ និងគ្រឿងសង្ហារឹម សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងនាំចេញ នៅឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ។
គម្រោងវិនិយោគនេះ គឺកំពុងឆ្លើយតប ទៅនឹងគោលនយោបាយ នៃការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ និងជាពិសេសចូលរួមយ៉ាងសកម្មអនុវត្តច្បាប់ស្តីពី «ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ» ។ ម្យ៉ាងវិញទៀត គម្រោងនេះ នឹងចូលរួមអភិវឌ្ឍធនធានឫស្សីប្រកបដោយនិរន្តរភាព ទាញប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច ភាតរបរិស្ថានបៃតង និងបង្កើតគម្របព្រៃឈើ៕