(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើករម្លឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មី ចាប់ពីឆ្នាំ២០១៩តទៅ សម្រាប់សហគ្រាស គ្រឹះស្ថាន ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។

បន្ទាប់ពីចេញសេចក្តីណែនាំចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការបើករម្លឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថាន ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងសេចក្តីណែនាំចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការបើករម្លឹកប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១៩ ក្រសួងការងារបានសង្កេតឃើញថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតមួយចំនួន នៅមិនទាន់យល់ច្បាស់ អំពីការបើករម្លឹកប្រាក់បំណាច់ អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំនីមួយៗចាប់ពីឆ្នាំ២០១៩ នៅឡើយទេ។ ក្នុងន័យនេះ ដើម្បីឲ្យការទូទាត់ប្រាក់បំណាច់ អតីតភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធានាបាននូវសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ក្រសួងបានបញ្ជាក់ជាថ្មី ជូនម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន អង្គការវិជ្ជាជីវៈ និងកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដូចខាងក្រោម៖

១៖ ប្រាក់បំណាច់អតីតភាពការងារ ដូចមានចែងក្នុងមាត្រា៨៩ថ្មី នៃច្បាប់ស្តីពីការងារ អនុវត្តន៍ចំពោះតែកម្មករនិយោជិត ដែលមានកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) តែប៉ុណ្ណោះ។

២៖ ដោយឡែក កម្មករនិយោជិតដែលមានកិច្ចសន្យាការងារមានថិរវេលាកំណត់ ទទួលបានប្រាក់បំណាច់កិច្ចសន្យា ដែលមានសមាមាត្រនឹងប្រាក់ឈ្នួលផង សមាមាត្រនឹងថិរវេលានៃកិច្ចសន្យាផង ហើយប្រាក់បំណាច់នេះ មានកំណត់ក្នុងអនុសញ្ញារួម។ បើគ្មានកំណត់ក្នុងអនុសញ្ញារួមទេ ប្រាក់បំណាច់នេះយ៉ាងតិចត្រូវស្មើ ៥% នៃប្រាក់ឈ្នួល ដែលកម្មករនិយោជិត បានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា។

៣៖ កម្មករនិយោជិត ដែលកំពុងប្រើប្រាស់ប្រភេទកិច្ចសន្យាការងារមានថិរវេលា ដែលលើសថរិវេលាអតិបរមាកំណត់ដោយច្បាប់ ហើយដែលធ្លាប់ទទួលបានប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារ (៥%) កន្លងមករួចហើយ គឺមិនអាចសុំឲ្យនិយោជកទូទាត់ប្រាក់រម្លឹក បំណាច់អតីតភាពការងារ តាមមាត្រា៨៩ថ្មី នៃច្បាប់ស្តីពីការងារទៀតនោះទេ។

៤៖ ក្នុងករណីដែលនិយោជក បាននិងកំពុងប្រើប្រាស់កិច្ចសន្យាការងារមានកំណត់ថិរវេលា លើសថិរវេលាអតិបរមាកំណត់ដោយច្បាប់ កិច្ចសន្យាការងារមានកំណត់ថិរវេលានោះ ត្រូវប្រែក្លាយទៅជាកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០១៩ ដោយនិយោជកត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារ ចាប់ពីកាលបរិច្ឆេទនៃការប្រែក្លាយនោះ ស្របតាមមាត្រា៨៩ថ្មី នៃច្បាប់ស្តីពីការងារ, ប្រកាសចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងសេចក្តីណែនាំពាក់ព័ន្ធជាធរមាន។

៥៖ ប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំនីមួយៗ ចាប់ពីឆ្នាំ២០១៩ ត្រូវបានលើកលែងពន្ធ។

៦៖ កម្មករនិយោជិត មិនទទួលបានប្រាក់បំណាច់អតីតភាពការងារ ក្នុងករណីកម្មករនិយោជិត លាឈប់ដោយឯកឯង ឬបានប្រព្រឹត្តកំហុសធ្ងន់៕