(កំពង់ស្ពឺ)៖ ការងារមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត មានការកោតសរសើរ បន្ទាប់ពីក្រុមការងារ ដែលមិនគិតពីភាពនឿយហត់មួយនេះ បានបន្តចុះទៅព្យាបាល ជូនប្រជាពលរដ្ឋជាញឹកញាប់ នៅតាមទីប្រជុំជន រួមនឹងតំបន់ដាច់ស្រយ៉ាល ដោយហេតុផលតែមួយគត់នោះ គឺចង់ឃើញប្អូនប្រជាពលរដ្ឋមានសុខភាពល្អគ្រប់ៗគ្នា ស្របទៅតាមការចង់បាន ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤២៥នាក់ ដឹកនាំផ្ទាល់ពី លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបន្តចុះទៅពិនិត្យ និងព្យាបាល ថែមទាំងផ្តល់ជូននូវថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋចំនួន២,៥៤៥នាក់ នៅវត្តអង្គស្តុក (អនុវិទ្យាល័យអង្គស្តុក) ភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីការចុះពិនិត្យ និងព្យាបាលបានបញ្ចប់នោះ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាង២ពាន់នាក់ ក៏បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញៗ ថែមទាំងមានបទពិសោធន៍គ្រប់គ្រាន់ និងច្រើនឆ្នាំ មកព្យាបាលជូនពួកគាត់ ទាំងមិនខ្លាចភាពនឿយហត់។
លោក ទុន ណុប មានអាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានជំងឺខ្សោយបេះដូង និងលើសឈាម បានបង្ហាញក្តីសប្បាយចិត្តដោយបានឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ ព្យាបាលដល់ប្រជាពលរដ្ឋ រួមនឹងរូបគាត់ដោយឥតគិតថ្លៃ។
លោកក៏បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យមកពិនិត្យព្យាបាលប្រជាពលរដ្ឋ នៅរស់នៅឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ១៧១នាក់, ជំងឺស្រ្តី២៩១នាក់, ជំងឺផ្លូវចិត្ត១២១នាក់, ជំងឺឫសដូងបាត១៣៩នាក់, ជំងឺសន្លាក់ឆ្អឹង១៤៧នាក់, ជំងឺរលាកសួត១៦២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក២០៣នាក់, ជំងឺភ្នែក៩៣នាក់, ជំងឺសើរស្បែក៩៧នាក់, ជំងឺទឹកនោមផ្អែ១៩៤នាក់, ជំងឺមាត់ធ្មេញ១៨៧នាក់, អេកូសាស្ត្រ៩៩នាក់, វាស់ចង្វាក់បេះដូង១៤៣នាក់, ព្យាបាលរបួសនិងវះកាត់តូច៩៥នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍៣៦៨នាក់ និងរួមនឹងជំងឺទូទៅចំនួន១,១៧៨នាក់។
លោក សាន វណ្ណេត អនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា រយៈពេល៧ឆ្នាំ (២០១២-២០១៩) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន១៨៧លើកហើយ ដោយមានក្រុមគ្រូពេទ្យចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់) ហើយបានពិនិត្យ និងព្យាបាល ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន ៤៤៧,០៩២នាក់ (សែសិបបួនម៉ឺនប្រាំពីរពាន់សូន្យរយកៅសិបពីរនាក់) ក្នុងនោះស្ត្រីមានចំនួន៣០១,៩០១នាក់ (សាមសិបម៉ឺនមួយពាន់ប្រាំបួនរយមួយនាក់) ក្នុង១៩រាជធានី និងខេត្ត៕