(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងថា និស្សិតត្រូវចាប់យកជំនាញមួយពិតប្រាក សិក្សាឱ្យចំគោលដៅ ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ ពិសេសត្រូវយកជំនាញដែលខ្លួនចេះ នឹងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាពបន្តទៀត។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យ លីម កុកវីង នៅរាជធានីភ្នំពេញ នាពេលថ្មីៗនេះ លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងថា សូមស្នើឱ្យនិស្សិតកម្ពុជា ត្រូវចាប់យកជំនាញមួយពិតប្រាកដ សិក្សាឱ្យចំគោលដៅ ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ។
រដ្ឋមន្ដ្រីបន្តថា ការសិក្សាចាប់យកជំនាញមួយពិតប្រាកដ មិនទាមទារឱ្យនិស្សិតម្នាក់ៗ ត្រូវសិក្សានៅសាកលវិទ្យាល័យ ដែលមានតម្លៃថ្លៃនោះទេ ព្រោះការសិក្សាយកជំនាញមួយច្បាស់លាស់ ទាមទារឱ្យនិស្សិតម្នាក់ៗ មានការតំាងចិត្ត និងដាក់គោលដៅច្បាស់លាស់ថា ខ្លួនចង់ធ្វើអ្វី ចង់ក្លាយជាអ្នកជំនាញអី ហើយត្រូវសិក្សាបែបណា។
រដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ថ្លែងបន្តថា ការកំណត់គោលដៅមួយជាក់លាក់ អាចធ្វើឱ្យនិស្សិតម្នាក់ៗ ចំណាយពេលវេលាតិច ហើយទទួលបានផលច្រើន តែបើនិស្សិតម្នាក់ៗ មិនបានកំណត់ពីគោលដៅ ហើយចេះតែរៀនតាមការនឹកឃើញ គឺមិនអាចសម្រេចគោលដៅនេះបានទេ។
លើសពីនោះ ជំនាញពិតប្រាកដមួយ មិនទាក់ទង នឹងនិស្សិតនោះ ជាកូនអ្នកមាន ឬកូនអ្នកក្រទេ សំខាន់គឺត្រូវខំសិក្សាលើជំនាញមួយនោះឱ្យច្បាស់ មានន័យថា បើសិក្សាលើជំនាញកសិកម្ម ឱ្យច្បាស់ជាកសិកម្ម បើសិក្សាលើជំនាញភាសាបរទេស ឱ្យច្បាស់លើភាសា ទើមអាចសម្រេចតាមគោលដៅ និងអាចធ្វើឱ្យអនាគតគ្រួសារ និងសង្គមជាតិរីក ចម្រើនបានទៅមុខបាន។
ជាងនេះទៅទៀត រដ្ឋមន្រី្ដក្រសួងអប់រំ បញ្ជាក់ថា តាមគោលដៅថ្មីរស់ក្រសួងអប់រំ គឺក្រសួងបានដាក់ចេញ នូវយុវជនម្នាក់ ត្រូវមានជំនាញបំណិនប្រចាំជីវិត យ៉ាងតិចម្នាក់មួយ។
ចំណែកលោកសាស្ត្រាចារ្យ ម៉ូនីរួល អ៊ីស្លាម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ លីមកុកវីង បានលើកឡើងដែរថា សាកលវិទ្យាល័យ នឹងជំរុញឱ្យនិស្សិត សិក្សាយកជំនាញមួយឱ្យពិតប្រាកដ តាមអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីឱ្យនិស្សិតម្នាក់ៗឆាប់សម្រេចគោលដៅអនាគតគ្រួសារ និងសង្គមជាតិដែរ៕