(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចមិនដោះស្រាយបញ្ហាដីធ្លី តាមការទាមទាររបស់ប្រជាពលរដ្ឋ ១៩៧គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រប នៅភូមិតានី ភូមិជីខ ភូមិឈូក ឃុំជីខលើ និងភូមិចំបក់ ឃុំជីខក្រោម នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅក្នុងសេចក្តីប្រកាសនោះ បានឱ្យដឹងទៀតថា តាមការពិនិត្យឯកសារពាក់ព័ន្ធនឹងការដោះស្រាយកន្លងមកឃើញថា នៅលើទីតាំងដី ដែលប្រជាពលរដ្ឋ ១៩៧គ្រួសារ កំពុងទាមទារនោះ ជាទីតាំងដីដែលធ្លាប់មានវិវាទរវាងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប ជាមួយក្រុមប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ៦៩គ្រួសារ, ក្រុមប្រជាពលរដ្ឋ ២៦ គ្រួសារ, ក្រុមប្រជាពលរដ្ឋ ១៥គ្រួសារ, ក្រុមប្រជាពលរដ្ឋ ៩គ្រួសារ, ក្រុមប្រជាពលរដ្ឋ ២គ្រួសារ និងឈ្មោះ សុខ ហុង ហើយត្រូវបានដោះស្រាយរួចរាល់ទាំងស្រុង ដោយអាជ្ញាធរមូលដ្ឋាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងតុលាការគ្រប់ថ្នាក់។ ផ្អែកលើការដោះស្រាយនេះនៅឆ្នាំ២០១១ ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប បានទទួលគ្រប់គ្រងដីនេះជាកម្មសិទ្ធិស្របច្បាប់រហូតមក។

ក្រសួងរៀបចំដែនដី បានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០០៧ មកប្រជាពលរដ្ឋទាំង១៩៧គ្រួសារ ខាងលើនេះ មិនដែលធ្លាប់បានដាក់ពាក្យប្តឹងតវ៉ាទាមទារក្នុងសំណុំរឿងនេះទេ។ ជាពិសេសនៅក្នុងអំឡុងពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នៃកិច្ចដំណើរការទទួលពាក្យបណ្តឹង និងការបំពេញសលាកបត្រព័ត៌មានទាមទារដីធ្លី របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងវិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅ ក្នុងខេត្តកោះកុង ក៏មិនដែលមានប្រជាពលរដ្ឋចំនួន ១៩៧ គ្រួសារខាងលើនេះចូលរួមដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី៖