(តាកែវ)៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្តរាលដាល និងផ្ទុះឡើងនៅខេត្តរបស់កម្ពុជា២ទៀតហើយ គឺខេត្តស្វាយរៀង និងតាកែវ។
គិតមកដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ខេត្តរបស់កម្ពុជាចំនួន៤ហើយ មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏កាចសាហាវមួយនេះ គឺមានខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់ Fresh News នៅរសៀលថ្ងៃទី០៨ ខែកក្កដានេះថា ខេត្តចំនួន២ទៀតត្រូវបានរកឃើញថា មានការរាលដាលនៃជំងឺប៉េស្តជ្រូក អាហ្វ្រិក គឺខេត្តស្វាយរៀង និងខេត្តតាកែវ។
លោកបន្តថា នៅខេត្តស្វាយរៀងជំងឺជ្រូកនេះ បានផ្ទុះឡើងនៅភូមិឫស្សីជួខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកខេត្តតាកែវវិញផ្ទុះឡើងនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។
លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ទៀតថា «រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអគ្គនាយកដ្ឋាន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះ ដោយតែងតែស្នើ និងសំណូមពរយ៉ាងទទូចឲ្យបណ្តាលអាជ្ញាធរខេត្តទាំងអស់ ពិសេសខេត្តជាប់ព្រំដែនវៀតណាម ធ្វើការរឹតបន្តឹងការចរាចរជ្រូក ចូលមកពីប្រទេសវៀតណាម ប៉ុន្តែនៅតែមានការថ្លោះធ្លោយ»។
លោកអគ្គនាយកបានបញ្ជាក់ថា នៅថ្ងៃស្អែកនេះ លោកនឹងចុះទៅទីតាំងផ្ទុះជំងឺនៅខេត្តស្វាយរៀង និងខានស្អែក លោកនឹងចុះទៅខេត្តតាកែវ ដើម្បីធ្វើការប្រកាសពីការផ្ទុះជំងឺនេះ និងណែនាំដល់ប្រជាពលរដ្ឋវិធីការពារការរីករាលដាលផងដែរ។
ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានផ្ញើលិខិតទៅកាន់អភិបាលនៃខេត្តទាំង២ ដើម្បីស្នើឲ្យមានការចាត់វិធានការទប់ស្កាត់ចលនាជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើត ពីសត្វជ្រូកពីកន្លែងផ្ទុះជំងឺ។
ក្នុងលិខិតលោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «សូម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយផ្ដល់កិច្ចសហការក្នុងការអនុវត្តវិធានការបសុព្យាបាលរបស់មន្ត្រីជំនាញ ក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វជ្រក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លងខាងលើក្នុងរង្វង់កាំ៣ (បី)គីឡូម៉ែត្រ ដើម្បីអនុវត្តវិធានការបសុព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការគួរ»។
សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងដល់មនុស្សឡើយ ប៉ុន្តែជំងឺនេះ ជាជំងឺកាចសាហាវ និងឆ្លងរាលដាលខ្លាំងពីតំបន់មួយទៅតំបន់មួយ ដែលបណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឱ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕