(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានរៀបចំបើកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកក្រុមការនេះឲ្យមានប្រសិទ្ធភាព ព្រមទាំងពិភាក្សាពីលទ្ធផលការងារ បញ្ហាប្រឈម ដែលបានអនុវត្តកន្លងមក និងយើងរកដំណោះស្រាយ។
ជាការពិតណាស់ យើងដឹងហើយថា បញ្ហាជួញដូរមនុស្សនេះ គឺជារឿងសកលលោក ដែលមានភាពស្មុគ្រស្មាញទាមទារឲ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាល រួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ នេះគឺជាការលើកឡើងរបស់លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា។
លោក ញឹក វណ្ណារ៉ា បានបន្ថែមថា កិច្ចប្រជុំថ្ងៃនេះ មានគោលបំណងពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការពារ និងជួយជនរងគ្រោះ គ្រប់រូបភាព ការអនុវត្តច្បាប់ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទប្រកបដោយភាព យុត្តិធម៌ និងការផ្តល់សេវាដែលមានគុណភាព និងសមស្រប ក្នុងគោលដៅរួមដើម្បីដោះស្រាយ និងលុបបំបាត់រាល់ ទម្រង់នៃអំពើជួញដូរមនុស្ស ព្រមទាំងអំពើធ្វើអាជីវកម្មផ្លូវភេទ និងអំពើកេងប្រវ័ញ្ចគ្រប់រូបភាព ដែលកើតមាននៅក្នុង ប្រទេសកម្ពុជា។
នាយកដ្ឋាននឹងគោលដៅសំខាន់ៗ៣ គឺ ១.មាតុភូមិនិវត្តន៍ទទួល និង បញ្ជូន ២.ការស្តារ ៣.សមាហរណកម្ម ដែលជាការងារអាទិភាពរបស់ក្រសួង។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ជាប្រធាន ដែលមានក្រសួងវិស័យពាក់ព័ន្ធចំនួន ២១ និងស្ថាប័នជំនាញចំនួន០៥ ជា សមាជិកបន្ថែមទៀត។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ បានបន្តឲ្យដឹងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបែងចែកក្រុមការងារអន្តរក្រសួង ស្ថាប័នចំនួន ០៦ ក្នុងនោះក្រុមការងារ ការពារជនរងគ្រោះ ដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមការងារ ការពារជនរងគ្រោះ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥។
គួរបញ្ជាក់ថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា មានច្បាប់គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារ សិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្ដីពី ការថែទាំជំនួសចំពោះ កុមា និងបទដ្ឋាន។ រថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលស្នាក់នៅមជ្ឈមណ្ឌល និងមានឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៏គោលនយោបាយ ។ បន្ថែមពីលើនេះ មិនតែប៉ុណ្ណោះវិស័យសង្គមកិច្ច យើងមាន MUO ជាមួយប្រទេសថ្នាក់តំបន់អាស៊ាន និងខមមីត នឹងមាន SOP ជាមួយប្រទេសវៀតណាម និងថៃផងដែរ។
លោក ញឹក វណ្ណារ៉ា សង្ឃឹមជឿជាក់ថា លិខិតបទដ្ឋានគតិយុត្តិជាតិ អន្តរជាតិ ត្រូវបាននឹងកំពុងអនុវត្តន៏យ៉ាងសកម្ម និងប្រសិទ្ធភាពនេះ ត្រូវតែបន្តឲ្យបានទូលំទូលាយ សម្រាប់ជាឧត្តមប្រយោជន៏ជួយដល់ជនរងគ្រោះ៕