(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឲ្យអនុវត្តកញ្ចប់ស្តង់ដាបណ្តុះបណ្តាល លើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំ និងមុខរបរការកែច្នៃបន្លែ និងផ្លែឈើ កម្រិត៣ និងកម្រិត៤ នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពលោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ។
លោក ហ៊ឹង ស៊ីដេត អគ្គនាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិទ្យាស្ថានបណ្តុះបណ្តាលទាំងអស់ ឲ្យយល់ពីស្តង់ដាបណ្តុះបណ្តាលទៅលើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំ និងមុខរបរការកែច្នៃបន្លែ និងផ្លែឈើ កម្រិត៣ និងកម្រិត៤ ឲ្យស្របទៅតាមស្តង់ដារជាតិ និងតំបន់។
លោក ពេជ សោភ័ន បានឲ្យដឹងថា កញ្ចប់ស្តង់ដាបណ្តុះបណ្តាលនេះ គឺជាម៉ែត្រថ្មីមួយសម្រាប់សាធារណជន ដែលធ្លាប់បានរៀននៅសាលាចំណេះទូទៅ ឬមានសមត្ថភាពជំនាញខ្លះៗ ឬមានបទពិសោធន៍ពីការងារជាក់ស្ដែងនានា មិនថានៅទីណា ឬពេលណាក៏ដោយ ពោលគឺអ្នកទាំងនោះ អាចសុំធ្វើតេស្តសមត្ថភាពទទួលបានកម្រិតសមត្ថភាពជាក់ស្ដែង ឬសុំធ្វើការទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC) ដើម្បីបានទទួលនូវកម្រិតគុណវុឌ្ឍិសមស្រប ឬអាចបន្តចូលរៀនបានតាមកម្រិតសមត្ថភាពរៀងៗខ្លួន។
លោករដ្ឋលេខាធិការ បានបន្តទៀតថា វាជាឱកាសដ៏ប្រពៃមួយសម្រាប់សាធារណជន ដែលអាចទទួលបាននូវវិញ្ញាបនបត្រវិជ្ជាជីវៈ ឬសញ្ញាបត្រកម្រិតខ្ពស់ជាងនេះ ដែលទទួលស្គាល់ដោយថ្នាក់ជាតិ តាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ដើម្បីបញ្ជាក់ពីគុណវុឌ្ឍិការងារ នៅកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់។
លោកបានបញ្ជាក់ថា ដោយមើលឃើញថាការអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាលពិតជាមានសារៈសំខាន់ ដល់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទស និងវិជ្ជាជីវៈ គម្រោង ILO-STED សហការជាមួយអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភថវិកានិងបច្ចេកទេសដោយ ILO-SIDA និង ILO-5UNJP បានអភិវឌ្ឍន៍កញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើមុខរបរអាទិភាពចំនួន៤ រួមមាន៖ ការផ្សាអគ្គិសនី ការបន្ស៊ីលោហៈ ការកែច្នៃបន្លែ និងផ្លែឈើ និងការផលិតនំ ដែលនឹងត្រូវផ្សព្វផ្សាយឲ្យអនុវត្តសាកល្បង មុននឹងដាក់ជូនគណៈកម្មការជាតិបណ្តុះបណ្តាល NTB អនុម័ត និងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ។
លោកថា សិក្ខាសាលាផ្សព្វផ្សាយនេះនឹងទទួលបានប្រយោជន៍ច្រើន និងឈានទៅដល់ទិសដៅមួយ ដែលល្អ និងសម្រេចបាននូវផែនការសកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់ការអនុវត្តនាពេលអនាគត ហើយសមាជិកគ្រប់រូបនឹងជួយអនុវត្តសកម្មភាពនានា ដើម្បីគាំទ្រជាបន្តទៀត។
គួរបញ្ជាក់ថា ការដាក់ឲ្យអនុវត្តស្តង់ដាបណ្តុះបណ្តាលលើមុខរបរការបន្ស៊ីលោហៈ មុខរបរការផលិតនំ និងមុខរបរការកែច្នៃបន្លែនិងផ្លែឈើ កម្រិត៣ និងកម្រិត៤នេះដោយសារតែបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាបានឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយពោល គឺបានក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងនៅក្នុងដំណើរការនៃការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ ពីកសិកម្មទៅជាប្រទេសឧស្សាហកម្ម៕