(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) និងសាកលវិទ្យាល័យកៃអូ (Keio University) របស់ប្រទេសជប៉ុន នឹងចុះអនុស្សរណៈយោគយល់គ្នាមួយនាអនាគត ដើម្បីបើកកិច្ចសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ នេះបើតាមការគូសបញ្ជាក់របស់លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃ អ.វ.ត.ក ក្រោយពីជំនួបជាមួយគណៈប្រតិភូ សាកលវិទ្យាល័យកៃអូកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៩។
គម្រោងចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាផ្នែកមួយនៃការចែករំលែកនៃចំណឹងដឹង និងចំណេះធ្វើដែលសាលាក្តីខ្មែរក្រហម អនុវត្តជូនដល់ផ្នែកផ្សេងៗ ក្នុងក្របខណ្ឌបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្សក្នុងវិស័យយុត្តិធម៌។
លោក ក្រាញ់ តូនី បានគូសបញ្ជាក់ថា គម្រោងសហប្រតិបត្តិការនេះនឹងផ្តោតលើ ទី១៖ ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតថ្នាក់ បរិញ្ញាបត្រមកកាន់សាលាក្តីខ្មែរក្រហម ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិ និង ដំណើរការនីតិវិធីរបស់តុលាការ ក្នុងការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម និងទី២៖ ការបញ្ជូននិស្សិតថ្នាក់ក្រោយឧត្តមសិក្សាមកធ្វើកម្មសិក្សា នៅសាលាក្តីខ្មែរក្រហមរយៈពេលខ្លី មធ្យម និងពេលវែង។
លោក ក្រាញ់ តូនី បានថ្លែងថា ដើម្បីជាការចាប់ផ្តើមកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យកៃអូនឹងបញ្ជូននិស្សិតចំនួន១៥រូបមកធ្វើទស្សនកិច្ចសិក្សា នៅសាលាក្តីខ្មែរក្រហមនៅអំឡុង ខែមីនា ឆ្នាំ២០២០ ដោយនឹងសិក្សាស្វែងយល់ និងដកបទពិសោធន៍ និងសិក្សាស្រាវជ្រាវពីមន្ត្រីរដ្ឋបាល ចៅក្រម និងព្រះរាជអាជ្ញារបស់សាលាក្តីខ្មែរក្រហម។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងសាលាក្តីខ្មែរក្រហម និងសាកលវិទ្យាល័យកៃអូនេះ ដើម្បីឱ្យនិស្សិតបានសិក្សា និងដកបទពិសោធពីដំណើរការនីតិវិធីច្បាប់ ក្នុងការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមនេះ ធ្វើឡើងក្នុងក្របខណ្ឌនៃកម្មវិធីសិក្សារបស់សាកលវិទ្យាល័យកៃអូ ដែលចង់ឱ្យនិស្សិតជប៉ុនបាន សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដំណើរការផ្សះផ្សាជាតិ និងដំណើការនៃការស្វែងរកយុត្តិ ធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអ.វ.ត.ក. បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដែលបានព្រមព្រៀងរវាងស្ថាប័នទាំងពីរ ក្នុងទិសដៅបណ្តុះបណ្តាលធនធានមនុស្ស ចែករំលែកបទពិសោធការងារ របស់តុលាការខ្មែរក្រហមដល់មជ្ឈដ្ឋាននានា។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ចំពោះប្រទេសជប៉ុន ដែលជាដៃគូដ៏ល្អរបស់កម្ពុជា បានចូលរួមក្នុងការបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានចូលរួមយ៉ាងសកម្ម ក្នុងការជួយអភិវឌ្ឍប្រទេសជាពិសេសប្រទេសជប៉ុន គឺជាប្រទេសម្ចាស់ជំនួយធំជាងគេ ដែលបានជួយគាំទ្រសាលាក្តីខ្មែរក្រហមទាំងភាគីជាតិ និងអន្តរជាតិ។
លោក ក្រាញ់ តូនី បានបង្ហាញការជឿជាក់ថា កិច្ចព្រមព្រៀងលើការពង្រឹងសមត្ថភាពធនធានមនុស្សនេះ នឹងធ្វើឱ្យប្រព្រឹត្តទៅដោយផ្លែផ្កា និងផ្តល់ឱកាសដល់និស្សិតទាំងអស់ បានសិក្សាស្វែងយល់ពីការអនុវត្តការងាររបស់ តុលាការ ក៏ដូចជាបានស្វែងយល់ពីកេរដំណែលល្អៗ របស់សាលាក្តីសម្រាប់ការអនុវត្តក្នុងវិជ្ជាជីវៈរបស់ពួកគេនៅពេលអនាគត។
លោក ក្រាញ់ តូនី បានបន្ថែមថា គិតរហូតមកដល់ឆ្នាំ២០១៩នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយថវិកាចំនួន៨៧លានដុល្លារអាមេរិក ក្នុងការចំណាយសរុបជាង៣០០លានដុល្លារអាមេរិក។ ចំណែករាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកថវិកា ជាសាច់ប្រាក់សរុបជិត៣៤ លានដុល្លាអាមេរិក ដែលក្លាយជាអ្នក ផ្តល់ថវិកាច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីជប៉ុន (៨៧លានដុល្លាអាមេរិក)។ បើគិតរួមទាំងការផ្តល់ជាសម្ភារ រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកមានទឹកប្រាក់សរុបចំនួនប្រមាណ ៥០ លានដុល្លាអាមេរិក)។
សម្រាប់ឆ្នាំ ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាចំនួន ៣.៩ លានដុល្លាអាមេរិកដែលស្មើនឹង៧២% នៃគម្រោងថវិកាដែលបានអនុម័តចំនួន៥.៤លានដុល្លាអាមេរិក សម្រាប់ភាគីជាតិនៃអ.វ.ត.ក។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ទ្រទ្រង់១០០% នៃចំណាយប្រតិបត្តិការទូទៅរបស់ អ.វ.ត.ក និងចេញប្រាក់ខែបុគ្គលិកជាតិយ៉ាងតិច៦ខែ៕