(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរកឃើញម្ចាស់ជ័យលាភីកម្មវិធី «ក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្នើម» ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ គឺបានទៅលើក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី។

កម្មវិធីក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្នើមនេះ បង្កើតឡើងដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងជំរុញសកម្មភាព ជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជាក៏ដូចជា ដើម្បីផ្តល់ការលើទឹកចិត្ត ដល់ក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្នើម ចំពោះកិច្ចខិតខំប្រឹងប្រែង ផ្តល់សេវាកម្មឈ្មួញជើងសារមូលបត្របានយ៉ាងល្អ ក្នុងការធ្វើអន្តរការីយកម្មប្រតិបត្តការជួញដូរមូល-បត្ររបស់អតិថិជន។

កម្មវិធីនេះរៀបចំឡើងប្រចាំត្រីមាស សម្រាប់តែក្រុមហ៊ុនឈ្មួញជើងសារមូលបត្រ ដែលជាសមាជិករបស់ ផ.ម.ក. តែប៉ុណ្ណោះ។ ក្រុមហ៊ុនមូលបត្រទាំងអស់ត្រូវបានវាយតម្លៃ ដោយផ្អែកលើលក្ខខណ្ឌបីរួមមាន៖ ទំហំជួញដូររបស់គណនីអតិថិជន (៦០%), ចំនួនគណនីជួញដូរដែលបានបើកថ្មីសម្រាប់អតិថិជន (២០%) និងការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត MTS របស់អតិថិជន (២០%)។

សូមជម្រាបថា ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ ទំហំជួញដូរភាគហ៊ុនសរុប របស់ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានរហូតដល់២៤៣.២១ប៊ីលានរៀល។ ទន្ទឹមនេះចំនួនគណនីជួញដូរភាគហ៊ុន ដែលបានបើកថ្មីមាន១០០ គណនីស្របពេលដែលចំនួនគណនី MTS ដែលក្រុមហ៊ុនបើកថ្មីមានចំនួន ៦៨គណនី និងទំហំជួញដូរតាមរយៈគណនី MTS មានចំនួន១.០៩ ប៊ីលានរៀល៕