(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមហ៊ុន បុរីឡេងណាវ៉ាត្រា ដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ខាងពុះដីឡូតិ៍ និងសង់បុរីលក់នោះ បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវគម្រោងចូលហ៊ុនទិញដីឡូតិ៍ ដែលសន្យាផ្តល់ប្រាក់ចំណេញ៤០ភាគរយក្នុង១ឆ្នាំសិន ដោយហេតុផលថា ត្រូវសិក្សាទិដ្ឋភាពច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវទំនុកចិត្តដល់អ្នកចូលរួមវិនិយោគ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧកញ៉ាវ័យក្មេងរូបនេះបានបញ្ជាក់ថា ដើម្បីចៀសវាងនូវបាតុភាពផ្សេងៗ ដែលអាចកើតមានឡើងនោះ ក្រុមហ៊ុនសម្រេចផ្អាកគម្រោងចូលហ៊ុនទិញដីឡូតិ៍នេះ ជាបណ្តោះអាសន្នសិន ដោយមិនទាន់ទទួលការចុះឈ្មោះ ដើម្បីដំណើរការគម្រោងនោះទេ។ ប្រសិនបើសិក្សាពីទិដ្ឋភាពផ្នែកច្បាប់បានរួចរាល់នោះ លោកឧកញ៉ានឹងជូនដំណឹងដល់សាធារណជន នៅពេលក្រោយ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់យ៉ាងដូច្នេះថា «បុរីឡេងណាវ៉ាត្រា សូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា ទាក់ទិននឹងគម្រោងចូលហ៊ុនទិញដីឡូតិ៍ ដោយក្រុមហ៊ុនសន្យាផ្តល់ប្រាក់ចំណេញ៤០ភាគរយ ក្នុង១ឆ្នាំ ដែលយើងខ្ញុំបានផ្សព្វផ្សាយតាមបណ្តាញ Facebook កន្លងមក, ពេលនេះក្រុមហ៊ុន សូមផ្អាកគម្រោងនេះ ជាបណ្តោះអាសន្នសិនមិនទាន់ទទួលចុះឈ្មោះនោះទេ ព្រោះក្រុមហ៊ុនត្រូវការសិក្សាទិដ្ឋភាពផ្លូវច្បាប់ ឲ្យបានច្បាស់លាស់សិន ចៀសវាងមានបាតុភាពកើតឡើង។ ក្រុមហ៊ុន នឹងជូនដំណឹងនាពេលក្រោយទៀត។ សូមអគុណចំពោះការចាប់អារម្មណ៍ និង ការគាំទ្ររបស់បងប្អូនកន្លងមក»៕