(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បានប្រារព្ធពិធីអបអរសាទរ និងចែករង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែកីឡាករមានស្នាដៃល្អ ក្នុងការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ ២០១៩ និងកីឡាតៃក្វាន់ដូ។ ពិធីនេះធ្វើឡើងនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម លោក លី ម៉េងសាន បានឲ្យដឹងថា លទ្ធផលការងារប្រឡងប្រណាំង លើវិស័យអប់រំ ក្នុងខេត្តកំពង់ចាម នាពេលកន្លងមក នាយកសាលាមានស្នាដៃល្អ ជាប់ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ទូទាំងប្រទេស, គ្រូល្អជាប់ចំណាត់ថ្នាក់លេខ ២ និងលេខ ៤, និងគ្រូឆ្នើមជាប់ចំណាត់ថ្នាក់លេខ ២ និងលេខ ៥ទូទាំងប្រទេស, ផ្នែកស្មូតកំណាព្យជាប់ចំណាត់ថ្នាក់លេខ ២ ទូទាំងប្រទេស, ផ្នែកអំណានជាប់ចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេស, និងគ្រូឆ្នើមផ្នែកគណិត វិទ្យាជាប់ចំណាត់ថ្នាក់លេខ ៣ ទូទាំងប្រទេស, និងផ្នែកគំនូរស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ ជាប់ចំណាត់ថ្នាក់លេខ ២និងលេខ ៣ ទូទាំងប្រទេស។ ចំណែកការប្រកួតប្រជែង អ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ានបូកបីលើកទី ៨ ឆ្នាំ ២០១៩ លទ្ធផលទទួលបានមេដាយសំរឹទ្ធិចំនួន ១គ្រឿង គឺយុវសិស្សសិស្ស ហ៊ូ ខេមរៈបុត្រ នៅវិទ្យាល័យដីដុះក្រុងកំពង់ចាម។
លោកប្រធានមន្ទីរអប់រំឲ្យដឹងទៀតថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ឆ្នាំ ២០១៩ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ លទ្ធផលទទួលបានមេដាយមាសចំនួន ៤គ្រឿង មេដាយប្រាក់ចំនួន៦ គ្រឿង និងមេដាយសំរិទ្ធ ចំនួន១៦គ្រឿង សរុបចំនួន ២៦គ្រឿងផ្នែកកីឡាវាយឃ្លី, កីឡាតេក្វាន់ដូ, កីឡាការ៉ាតេ និងកីឡាវាយសី។
លោក អ៊ុន ចាន់ដា បានថ្លែងថា នៅក្នុងអាណត្តិទី ៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ នៃដំណាក់កាលទី ៤ ដោយចាត់ទុកការអភិវឌ្ឍធនធាន មនុស្ស ជាអទិភាពទី១។ ចំណែកក្រសួងអប់រំយុវជន និងកីឡា ក៏បានប្ដេជ្ញាចិត្ត ធ្វើឲ្យបានសម្រេចស្ដីពីការពង្រឹង គុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយផ្ដល់អាទិភាពទៅលើការងារមួយចំនួនដូចជា ការយកចិត្តទុកដាក់លើគ្រូបង្រៀន, ការពង្រឹងនិងពង្រីក វិសាលភាពសាលាគ្រប់កម្រិត, ការពង្រឹងអធិការកិច្ចគ្រប់ ជ្រុងជ្រោយ លើការគ្រប់គ្រងសាលា, ការជំរុញការអប់រំបច្ចេកទេស នៃមធ្យមសិក្សាទុតិយភូមិ, ការអប់រំឲ្យស្របតាមទីផ្សារការងារ, ការវិវឌ្ឍន៍កម្មវិធីសិក្សា សៀវភៅសិក្សាគ្រប់ជ្រុងជ្រោយ និងការត្រៀមប្រកួតកីឡាស៉ីហ្គេមឆ្នាំ ២០២៣។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ
ឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រ កំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដូចជា យុទ្ធសាស្ត្រកំណែទម្រង់ គ្រប់គ្រងអប់រំ, យុទ្ធសាស្ត្រកំណែទម្រង់ឧត្តមសិក្សា, យុទ្ធសាស្ត្រកំណែទម្រង់ការអភិវឌ្ឍយុវជន, យុទ្ធសាស្ត្រកំណែទម្រង់ ការអភិវឌ្ឍ វិស័យអប់រំ កាយនិងកីឡា។
ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានថ្លែងផ្ដាំផ្ញើដល់អាណាព្យាបាល មាតាបិតាសិស្ស ត្រូវយកចិត្តទុកដាក់និងដាស់តឿន ដល់កូនចៅឲ្យខិតខំរៀនសូត្រ ទាំងក្នុងនិងក្រៅសាលា នឹងត្រូវយកចិត្តទុកដាក់អប់រំកូនចៅ លើផ្នែកសីលធម៌រស់នៅប្រចាំថ្ងៃ ដើម្បីឱ្យពួកគេក្លាយជាកូនល្អ។ ត្រូវចេះតាមដានកូនចៅ ជាប្រចាំកុំឲ្យពួកគេធ្លាក់ខ្លួន ទៅប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងអំពើអនាចារផ្សេងៗទៀត។
លោកថ្លែងបន្តថា ម្យ៉ាងទៀតត្រូវអប់រំកូនចៅ ឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើជិះម៉ូតូត្រូវពាក់ មួកសុវត្ថិភាព បើជិះរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ នៅពេលធ្វើដំណើរ។ ដោយឡែកចំពោះប្អូនៗ សិស្សានុនិស្សិត ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានខ្ជាប់ខ្ជួន និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹង ប្រែងរៀនសូត្រ ប្រឹងស្ដាប់ការពន្យល់ របស់លោកគ្រូ អ្នកគ្រូ និងត្រូវបង្កើតក្លឹបសិក្សាតូចៗ នៅតាមផ្ទះ ឬតាមសាលារៀន។ ត្រូវចេះឱនលំទោន គោរពស្រឡាញ់មាតាបិតា និងលោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងចៀសឲ្យផុត ពីការប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យប៉ះពាល់សុខភាព និងបំផ្លាញអនាគតរបស់ខ្លួន៕