(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជូនស្រ្តីឈ្មោះ ង្វៀង ធីងូធី អាយុ៤០ឆ្នាំ ដែលជាម្ចាស់ទីតាំងម៉ាស្សា លួចបង្កប់សេវាផ្លូវភេទ ទៅតុលាការបើកការស៊ើបសួរ ចោទប្រកាន់តាមផ្លូវច្បាប់ ពាក់ព័ន្ធបើកបម្រើសេវាផ្លូវភេទលើអនីតិជន។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋាន ខណ្ឌបឹងកេងកង បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងម៉ាស្សាយីហោ «កោសជប់ម៉ាស្សា ១ម៉ឺនរៀល» មានបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន ៦នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ២៖០០នាទីរសៀលនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលលោកស្រី ស៊ី វណ្ណនី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្រ្តីម្ចាស់ទីតាំងមានឈ្មោះ ង្វៀង ធីងូធី ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ២២B ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
កម្លាំងនគរបាល បានឱ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអាធ្រាត្រ ដោយមាននារីក្មេងចំនួន៦នាក់ ដោយសង្ស័យជាអនីតិជន ចំនួន២នាក់ រងចាំភ្ញៀវមកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយៈពេល១ម៉ោង និងរួមភេទតម្លៃចាប់ពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយដង។
ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ក្នុងនោះមាននារីរងគ្រោះចំនួន ៦នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនធំ បាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕