(សៀមរាប)៖ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧៖២០នាទី ស្ថិតនៅចំណុចមុខបន្ទប់ជួល ទល់មុខសាលាប៉ៃតង ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ សេង សុភ័ក្ក ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បានបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខសៀមរាប1AB-1490 លេខតួលេខម៉ាស៊ីន៥២៤៧៧៥៣។
នៅថ្ងៃខែដដែល វេលាម៉ោង១៧៖០០នាទី ស្ថិត នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ជនរងគ្រោះ ឈ្មោះ កែ ឈន់ ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅភូមិរកា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1AC9883 លេខតួលេខម៉ាស៊ីន ៥១២១៨៤៩ ។
នៅចន្លោះពីម៉ោង១៧ ទៅម៉ោង២២ស្ថិតនៅ ចំណុចភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ជនរងគ្រោះ ឈ្មោះ អ៊ា ប៊ុនឃីម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង-ខេត្តសៀមរាប ក៏បានបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១AE៦៥១២ លេខតួលេខម៉ាស៊ីន ៥៤៤៤៥០៤ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងនគរបាលមូលដ្ឋាន និងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះទៅកន្លែងកើតហេតុ ហើយបានធ្វើការផ្សព្វផ្សាយរាយការណ៍ ពីភិនភាគម៉ូតូ តាមប្រព័ន្ធវិទ្យុទាក់ទង ID និងប្រព័ន្ធគ្រុបទូរស័ព្ធ។
ភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យលោកអធិការទាំងអស់ ជាពិសេស អធិការដ្ឋានស្រុក ដែលមានមូលដ្ឋាន នៅតាមដងផ្លូវជាតិលេខ៦ ដឹកនាំកម្លាំងចេញប្រតិបតិ្តការសហការ ធ្វើការត្រួតពិនិត្យដើម្បីស្វែងរកម៉ូតូ ដែលបាត់ជូនជនរងគ្រោះវិញ និងចាប់ជនល្មើសមកផ្ដន្ទាទោស។
លុះវេលាដល់ម៉ោង១៩៖០០នាទីថ្ងៃខែដដែល កម្លាំងនគរបាលស្រុកប្រាសាទបាគង បានដាក់ការសង្ស័យលើរថយន្តមួយគ្រឿងប្រភេទ១២កៅអី ពណ៌លឿង ដែលបើកគេច ចេញពីគោលដៅត្រួតពិនិត្យ ហើយបានបោះដៃបន្តទៅ កម្លាំងនគរបាលសូទ្រនិគម ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីធ្វើការត្រួតពិនិត្យនឹងឃាត់រថយន្ត១គ្រឿង ម៉ាកស៊ាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ2AY-4078 និងជនសង្ស័យម្នាក់ឈ្មោះ តន់ សារី ហៅរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិពកត្រាច ឃុំកំពង់ត្រាច ស្រុក រមាសហែក ខេត្ត ស្វាយរៀង ខណៈក្នុងរថយន្តនេះ មានដឹកម៉ូតូចំនួន២គ្រឿង។
* ម៉ូតូទី០១ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AA-2050 លេខតួលេខម៉ាស៊ីន ៥៣០៣០៦៣
* ម៉ូតូទី០២ ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៨ សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1O-1643 លេខតួលេម៉ាស៊ីន ៥២៤៧៧៥៣។
បន្ទាប់មក កម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន សក្ដិចំរើនរិទ្ឋិ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានសហការ ជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម ធ្វើការឆែកឆេរលើរថយន្ត ជនសង្ស័យ ហើយបានរកឃើញផ្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងប័ណ្ណសម្គាល់យានយន្ត (កាតគ្រីម៉ូតូ) ចំនួន០៥សន្លឹក រួមទាំងឧបករណ៍សំរាប់កាច់សោរកម៉ូតូ រួមទាំងប្រដាប់ ថ្កិបផ្លាកលេខមួយចំនួនទៀតផងដែរ ។
ក្រោយឆែកឆេរឃើញថា ជនសង្ស័យ និងវត្ថុតាងស៊ីសង្វាក់ កំណត់ថាមានបទល្មើសហើយ លោកឧត្ដមសេនីយ័ត្រី ភឹងចិន្តារ៉េត បានណែនាំឲ្យលោកអធិការនគរបាលស្រុកសូទ្រនិគម ធ្វើការប្រគល់ជនសង្ស័យ និងវត្តុតាង មធ្យោបាយដឹកជញ្ជូន មកអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាអ្នកកសាងសំណុំរឿងតាមនីតិវិធី។
ជនសង្ស័យ ក្រោយពីធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសារភាពថា ម៉ូតូចំនួន០២គ្រឿងខាងលើ គឺបក្ខពួក របស់ខ្លួន បានលួចយកមក ហើយប្រគល់ឲ្យខ្លួន ដឹកយកទៅឲ្យបក្ខពួកម្នាក់ទៀត នៅរាជធានីភ្នំពេញ ដើម្បីលក់ចេញ ដោយខ្លួនទទួលបានកំរ៉ៃពីការដឹកជញ្ជូនក្នុង១គ្រឿង តម្លៃ១៥០ដុល្លារ។
យោងតាមចំលើយសារភាព និងវត្តុតាងជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំនុំរឿងបញ្ជូន ទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកបក្សពួកជនសង្ស័យ ដែលនៅសេសសល់ កម្លាំងនគរបាលបានកំណត់អត្តសញ្ញាណ និងបន្តស្រាវជ្រាវ តាមឃាត់ខ្លួនបន្តទៀត។
វត្តុតាង ម៉ូតូចំនួន០២គ្រឿង ដែលដកហូតបានមកវិញ ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាននគរបាលក្រុងសៀមរាប ធ្វើការ ប្រគល់ជូនជនរងគ្រោះឈ្មោះ កែ ឈន់ និងឈ្មោះ សេង សុភ័ក្ត យកទៅប្រើប្រាស់វិញរួចរាល់ហើយផងដែរ៕