(កំពង់ឆ្នាំង)៖ ជារើយៗមានក្រុមឈ្មួញដីខិលខូចមួយចំនួនតូច តែងតែបង្កព្យុះភ្លៀង ខិតខំរិះរកគ្រប់មធ្យោបាយ លួចរំលោភដីរបស់រដ្ឋទុកលក់បន្ត។ ប្រជាពលរដ្ឋមូលដ្ឋាន បានអំពាវនាវដោយស្នើសុំ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជួយត្រួតពិនិត្យ និងទប់ស្កាត់ទាន់ពេលវេលាផង។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យភ្នាក់ងារព័ត៌មាន Fresh News ដឹងថា មួយរយៈចុងក្រោយនេះ ការរំលោភបំពានដីធ្លីរបស់រដ្ឋធ្វើជាកម្មសិទ្ធិកំពុងក៏ក្រើកយ៉ាងខ្លាំង។ ដើម្បីបញ្ជៀសនូវការិះគន់ និងកន្ទេលធំបន្លំដេក អភិបាលខេត្តកំពង់ឆ្នាំង និងប្រធានមន្ទីរកសិកម្មខេត្ត គួរតែស៊ើបអង្កេតស្រាវជ្រាវ និងវែករកមុខជនល្មើសមកដាក់ទោសតាមច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ តាមពិតទំហំដីនៅកន្លែងនោះ មានតែប៉ុន្មានរយហិកតាប៉ុណ្ណោះទេ ហើយលោកទទួលស្គាល់ថា ពិតជាមានរឿងនេះកើតឡើងមែន។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានរួចមក លោកបានចាត់ឲ្យមន្រ្តី និងសមត្ថកិច្ចចុះទៅទប់ស្កាត់ និងបានបញ្ឈប់ការឈូសឆាយដីទាំងនោះហើយ។ បើតាមលោកអភិបាលខេត្តកំពង់ឆ្នាំង ករណីនេះផ្តើមចេញពីអាជ្ញាធរមូលដ្ឋាន បានឲ្យក្រុមឈ្មួញឈូសឆាយធ្វើផ្លូវ ប៉ុន្តែថ្នាក់ខេត្តមិនបានដឹងនោះឡើយ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមអ្នកសារព័ត៌មានបានប្រទះឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាពឈូសឆាយ និងរំលោភបំពានយកដីព្រៃសហគមន៍
ស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ។ បើយោងសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមឈ្មួញដីឈួសឆាយនេះ គឺជាដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋជាង១០០០ហិកតា ដោយក្រុមឈ្មួញដីប្រើរូបភាព និងលេសថា ធ្វើផ្លូវ។
ចំពោះវិធានការបន្តតាមផ្លូវច្បាប់នោះ លោក ឈួរ ច័ន្ទឌឿន មិនទាន់បានប្រាកដនៅឡើយទេ ដោយរង់ចាំពិភាក្សាជាមួយមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធសិន តើត្រូវបញ្ជូនសំណុំរឿងទៅតុលាការ ឬយ៉ាងណា ខណៈក្រុមឈ្មួញទាំងនោះត្រូវបានអាជ្ញាធរដឹងអស់ហើយ។
សេចក្ដីរាយការណ៍បញ្ជាក់ថា ដីព្រៃសហគមន៍នៅចំណុចនោះមានប្រមាណជាង ១០០០ហិកតា ស្ថិតនៅក្នុង៣ភូមិភូមិត្រពាំងពិល, ភូមិប្រស្និប, ភូមិស្អំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយក៏ជាដីដែលជាចំណីអារម្មណ៍យ៉ាងខ្លាំងរបស់ក្រុមជនខិលខូចមួយក្ដាប់តូច៕