(កំពង់ធំ)៖ នៅមន្ទីរបង្អែកស្រុកបារាយណ៍-សន្ទុក អគារសម្រាប់ដាក់កុមារ ដែលមានជំងឺគ្រុនឈាម បានពេញហៀរហូរ រហូតដល់កុមារដែលមានជំងឺគ្រុនឈាម ត្រូវបញ្ជូនទៅដាក់នៅអគារជំងឺ ផ្សេងទៀតផងដែរ។ ចំនួនកុមារដែលមានជំងឺគ្រុនឈាមកំពុងកើនឡើងជាបន្តបន្ទាប់ នៅតាមមូលដ្ឋានខេត្តកំពង់ធំ។ បន្ទប់ព្យាបាល ពេញគ្មានសល់ រហូតដល់កុមារដែលមានជំងឺខ្លះ ត្រូវសម្រាកតាមផ្លូវដើរ។ នេះជាការបញ្ជាក់របស់មន្រ្តីសុខាភិបាលខេត្តកំពង់ធំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។
លោកវេជ្ជបណ្ឌិត លេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានថ្លែងថា «ឥឡូវនេះ មន្ទីរពេទ្យកំពុងតែមានបញ្ហាប្រឈម នឹងជំងឺគ្រុនឈាម ហើយជំងឺគ្រុនឈាមកើតចេញពីមូសខ្លា ហើយភាគច្រើននៃជំងឺនេះ កើតឡើងដោយការធ្វេសប្រហែស ដោយគ្មានការប្រុងប្រយ័ត្ន ក្នុងការបំបាត់ជម្រកមូសខ្លា ដែលជាមូលហេតុមួយដែលបង្កឲ្យមានការផ្ទុះ ជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ»។
បន្ថែមពីនេះ លោក ហួន ប៊ុនណា វេជ្ជបណ្ឌិតផ្នែកកុមារនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានលើកឡើងថា មូសខ្លាញីដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម ចូលចិត្តខាំ បឺត ឈាម ក្នុងអំឡុង ពេលថ្ងៃ គឺចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៧យប់។ ជំងឺគ្រុនឈាមកើតនៅលើទាំងមនុស្សចាស់ និងក្មេង ក៏ប៉ុន្តែក្មេងក្រោមអាយុ ១៥ឆ្នាំ មានចំនួន៨៥ភាគរយ។
លោកក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញផ្ទះ ពិសេសការពារកុំឱ្យមានវត្ថុដក់ទឹកនៅក្នុងបរិវេណផ្ទះដែលវាអាចឱ្យមូសខ្លា បង្កកំណើតនៅទីនោះបាន ព្រោះមូសខ្លា គឺជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមយ៉ាងសាហាវបំផុត។
គួរបញ្ជាក់ថា ជំងឺគ្រុនឈាម បង្កឡើង ដោយមូសខ្លាញី ហើយជំងឺនេះភាគច្រើនកើតនៅក្នុងអំឡុងរដូវវស្សា ដោយគិតចាប់ពីខែមិថុនា រហូតដល់ខែតុលា។ ជំងឺនេះអាចបង្កឲ្យស្លាប់បានន ប្រសិនបើ អ្នកជំងឺ មិនត្រូវបានព្យាបាលមុន រយៈពេលមួយសប្ដាហ៍នោះទេ។
រោគសញ្ញា ជំងឺគ្រុនឈាមគឺក្តៅ ពី ៣៩-៤០អង្សាសេ និងអាចមានរោគសញ្ញាផ្សេងៗទៀតដូចជា៖
*មុខឡើងក្រហម
*ឈឺក្បាល ចេញកន្ទួលក្រហមៗពេញខ្លួន ក្អួត និងចង្អោរ
*ឈឺក្នុងប្រឡង់ភ្នែក
*ឈឺសាច់ដុំ និងសន្លាក់ដៃជើង
*កន្ទួលក្រហមលើស្បែក
*សញ្ញាហូរឈាមលើស្បែក។
ក្នុងករណីដែលសង្កេតឃើញកុមារ ឬក៏ខ្លួនយើងមានអាការដូចខាងលើ គួរតែប្រញាប់រួសរាន់ទៅមន្ទីរពេទ្យដើម្បីជួសឈាមពិនិត្យរកមេរោគជាបន្ទាន់។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ គ្រូពេទ្យេឯកជន និងអ្នកលក់ថ្នាំនៅតាមឱថសការីទាំងអស់ សូមកុំចេះតែលក់ថ្នាំ ដោយគ្មានវេជ្ជបណ្ឌិតត្រឹមត្រូវ និងផ្សំថ្នាំផ្ដេសផ្ដាស ព្រោះជំងឺគ្រុនឈាមនេះ វាខុសប្លែកពីជំងឺដទៃទៀត ដែលត្រូវមានការពិនិត្យតាមដាន វិនិច្ឆ័យឱ្យបានច្បាស់លាស់។
សូមជម្រាបថា ជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ដែលគិតចាប់ពីខែមករា-មិថុនា (គិតត្រឹមសប្ដាហ៍ទៅ២១) មានចំនួនសរុប ១៣.៨៤៣ករណី ស្លាប់ ២៤នាក់ (អត្រាស្លាប់០,២) មានន័យថា ប្រហែល៥ដងកើនឡើងច្រើនជាងឆ្នាំ២០១៨ ដែលមានតែ ២.៥៣០ករណី ស្លាប់៧នាក់ ៕