(ពោធិ៍សាត់)៖ គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ DBST ៣ខ្សែក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រួមមានផ្លូវ១០៣ ខាងក្រោយមន្ទីរសុខាភិបាលខេត្ត ទទឹង១០ម៉ែត្រ បណ្តាយ២៦០ម៉ែត្រ, ផ្លូវ១០៣ ខាងក្រោយសាលាខេត្ត ទទឹង១២ម៉ែត្រ បណ្តោយ២៩០ម៉ែត្រ និងផ្លូវ១០៥A តភ្ជាប់ត្រង់ចំណុចនាគមាស ទទឹង១០ម៉ែត្រ បណ្តាយ១៨៦ម៉ែត្រ ដែលត្រូវបានដំណើរការសាងសង់យ៉ាងមមាញឹក ចាប់ពីដើមខែមេសា រហូតមកដល់ដើមខែកក្កដា នៅពេលនេះបានស្ថាបនារួចរាល់ហើយ។
នេះបើតាមការឲ្យដឹងពីលោក កង បូរាណ វិស្វករក្រុមហ៊ុនគីស៊ីយូនៀនគ្រុប របស់លោកឧកញ៉ា ទុយ គី ដែលដឹកនាំផ្ទាល់ក្នុងការស្ថាបនាគម្រោងនេះ។
លោកវិស្វករបន្ថែមថា ផ្លូវក្រាលកៅស៊ូ៣ខ្សែខាងលើនេះ សាងសង់ឡើង ក្នុងអាណត្តិដឹកនាំរបស់លោក ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្ត ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព កែលំអរសោភ័ណភាព បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងពោធិ៍សាត់។
លោក កង បូរាណ បានឲ្យដឹងទៀតថា គម្រោងនេះអនុវត្តន៍ដោយក្រុមហ៊ុនគីស៊ីយូនៀនគ្រុប សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នឹងត្រូវបានការអបអរសាទរពីប្រជាពលរដ្ឋយ៉ាងពិសេសផងដែរ។
តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន និងលោក ម៉ៅ ធនិន ដែលបានគិតគូរ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្តេច និងឯកឧត្តមមានសុខភាពល្អ ដេីម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕