(ភ្នំពេញ)៖ ពិតជាគួរឱ្យអស់សំណើចណាស់ដែលក្រុមប្រឆាំងបានឆ្លៀតកេងចំណេញនយោបាយតាមរយៈដំណឹងនៃការចូលមន្ទីរពេទ្យ ពិនិត្យព្យាបាលបញ្ហាគ្រិចស្មាខាងស្តាំ របស់សម្តេចតេជោ ដោយបំភ្លៃទៅជាបញ្ហាផ្សេងទៅវិញ។ ដោយសារតែពួក គេចេះតែត្រឹមបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តដូច្នេះហើយ បានជាគ្មានវាសនានឹងឈ្នះការបោះឆ្នោត ពលរដ្ឋមិនផ្តល់ សេចក្តីទុកចិត្ត។ ដោយសារតែមិនចេះធ្វើអ្វីក្រៅពីការមួលបង្កាច់នេះហើយ បានជាចេះតែត្រូវគេប្តឹង និងរត់ចោលស្រុក តាំងពីយូរយារណាស់មកហើយ។

ដោយសារតែមិនចេះធ្វើអ្វីក្រៅពីការអុចធូបអង្គុយបន់ឱ្យគេមានបញ្ហានេះបញ្ហានោះ បានជាក្រុមប្រឆាំងនៅតែមិនអាចជួយខ្លួនឯងរួច និងបែរជាបំណន់ដែលខ្លួនបានបន់នោះ ធ្លាក់មកលើខ្លួនវិញ ដូចជាជាប់គុក រត់ចោលស្រុក ក្បត់ជាតិ រត់ចោលទោសជាដើម និងខ្លះស្លាប់ខ្លួន។ ហើយទំនងអស់ផ្លូវហើយក្នុងការដណ្តើមយកប្រជាប្រិយភាព និងជំនឿទុកចិត្តពីប្រជាពលរដ្ឋព្រោះប្រកួតមិនឈ្នះសម្តេចតេជោ ហ៊ុន សែន បានជាពួកគេមានវិធីតែម្យ៉ាងគត់គឺបន់ស្រន់ឱ្យគេលំបាក ឬបាត់បង់ជីវិតជាដើម។ ប៉ុន្តែកម្មនេះបានធ្លាក់ទៅខ្លួនវិញជាបន្តបន្ទាប់។

ឱ! ក្រុមប្រឆាំងរត់ចោលស្រុកអើយ! ពលរដ្ឋខ្មែរមិនជឿក្រុមជនក្បត់ជាតិឯងបំភ្លៃ បំផ្លើសឡើយ។ ព័ត៌មានមានគ្រប់ជ្រុងនិងជាព័ត៌មានពិតត្រូវបានផ្សព្វផ្សាយ ចែករំលែកយ៉ាងរហ័ស។ ដូច្នេះក្រុមប្រឆាំងមិនអាចប្រើប្រាស់វិធីសាស្ត្រថោកទាបតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីញុះញង់និងបង្កចលាចលបានឡើយ។ ពលរដ្ឋខ្មែរបានដឹងក្រយៅពិតប្រាកដរបស់ពួកកញ្ជះបរទេសដូចអ្នកអស់ហើយ និងកាន់តែស្អប់ខ្ពើមកាន់តែខ្លាំងថែមទៀតចំពោះទង្វើស្មោគគ្រោករបស់អ្នក។ ដូច្នេះ គួរឈប់បោកប្រាសរាស្ត្រខ្មែរទៀតទៅ គ្មានបានប្រយោជន៍ទេ បានត្រឹមគេស្អប់ និងជ្រិញមុខតែប៉ុណ្ណោះព្រោះកុហកដដែលៗ និងគ្រាន់តែលេចក្បាល គឺបងប្អូនប្រជាពលរដ្ឋយល់ដឹងថាជាក្រុមបោកអាជីពរួចស្រេចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន គ្រាន់តែមានបញ្ហាគ្រិចស្មាខាងស្តាំប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ ហើយបច្ចុប្បន្នសម្រេចមានសុខភាពល្អជាធម្មតា បាននិងកំពុងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យចំណានៗនៅ ប្រទេសសិង្ហបុរី។ អ្វីដែលក្រុមបក្សប្រឆាំងបានបំពុលព័ត៌មានថាសម្តេចតេជោ ហ៊ុន សែន មានជំងឺអ្វីផ្សេងនោះ គឺជាព័ត៌មនកុហកបោកប្រាស់ និងមានចរិតញុះញង់បង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ។ ពលរដ្ឋខ្មែរសូមគោរពជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្នាំ សូមប្រកបដោយសេចក្តីសុខ និងមានសុខភាពល្អបរិបូណ៌!

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកសម្តេចថា៖ «ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាពរបស់ខ្ញុំ។ ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់ គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរី គ្រូពេទ្យបានដោះស្រាយ ដោយជោគជ័យនូវ កន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រលះក្រុមប្រឆាំងដែលបន់ឱ្យសម្តេចឆាប់ស្លាប់ ឬបង្កើតព័ត៌មានក្លែងក្លាយដោយសម្តេច មានប្រសាសន៍ថា៖ «ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយ ក្តាប់តូចលួចចូលមក Comment ឬបង្ហោះតាម Facebook បន់អោយខ្ញុំឆាប់ស្លាប់
ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។ ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ) ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិ ក្រោយទៅចុះព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅ
បន្តបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្តទៅទៀត»។

ចុងក្រោយ ចៅចាក់ស្មុកសូមបង្រៀនសុភាសិតមួយជូនដល់ក្រុមបក្សប្រឆាំងថា «ភូតច្រើន ចាញ់អាត្មា»៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩