(តាកែវ)៖ លោក ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមកាងារចុះជួយស្រុកត្រាំកក់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយករង្វាន់ទៅប្រគល់ជូនសិស្សពូកែប្រចាំស្រុកបាទី។
ការប្រគល់រង្វាន់នេះ បានធ្វើឡើងនៅសាលាបឋមសិក្សា ហាំង ង៉ោស្មៅខ្ញី ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ សរុបជាង៤០០នាក់។
សិស្សពូកែដែលទទួលបានរង្វាន់នោះ មាន២នាក់ ទី១៖ឈ្មោះ កែវ សុគន្ធា ភេទស្រី សិស្សពូកែថ្នាក់ជាតិថ្នាក់ទី៩ និងទី២៖ឈ្មោះ ជុន ឡុងឌី ភេទប្រុស សិស្សពូកែថ្នាក់ជាតិថ្នាក់ទី១២ ដោយម្នាក់ៗទទួលបាន iPad១គ្រឿង និងទូរស័ព្ទ១គ្រឿង រួមជាមួយថវិកាមួយចំនួន។
ក្នុងនោះប្រជាពលរដ្ឋ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំម្នាក់ៗ ទទួលបានសារុង១ និងក្រូចឆ្មា២ដើម, លោកគ្រូ អ្នកគ្រូ ទទួលបានសារុង១ និងសៀវភៅសម្រាប់អាន១ក្បាល និងសិស្សានុសិស្សទទួលបានថវិកាមួយចំនួន។
ថ្លែងក្នុងឱកាសនោះ លោក ច័ន្ទ សារុន ក៏បានផ្តាំផ្ញើឲ្យសិស្សានុសិស្ស ខិតខំព្យាយាមយកចិត្តទុកដាក់រៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយទៅជាទំពាំងដ៏ល្អ សម្រាប់ប្រទេសជាតិទាំងមូល ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំ ជាវិស័យមួយដ៏សំខាន់ផងដែរ ដើម្បីបណ្ដុះធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែមានសមត្ថភាពខ្លាំងបន្ថែមទៀត៕