(កំពង់ចាម)៖ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ទោ អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដឹកនាំសហការី ចុះទៅសាកសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ហេង សោភ័ណ្ឌ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចាម ដែលមានជំងឺរលាកខ្នែងពោះវៀន បានធ្វើការវះកាត់រួចរាល់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ជាមួយគ្នានេះ លោកវរសេនីយ៍ទោ អ៉ឹង ប៊ុន ក៏បាននាំនូវអំណោយរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថវិកាចូលរួមពីមិត្តនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម រួមទាំងសប្បុរជន រួមមាន៖ ទឹកប្រទាលកន្ទុយក្រពើ១យួរ, ទឹកដោះគោ៤យួរ និងថវិកាចំនួន១,២០០,០០០រៀល។
បន្ថែមពីនេះ លោកវរសេនីយ៍ទោ អ៉ឹង ប៊ុន ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានជូនពរដល់លោកអនុសេនីយ៍ឯក ហេង សោភ័ណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺ ឆាប់មានសុខភាពល្អឡើងវិញ ដើម្បីបន្ដបំពេញការងារបម្រើជាតិ និងប្រជាជនដូចដើមវិញ៕