(កណ្តាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈអចិន្រ្តៃយ៍ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងស្តាប់កង្វល់ប្រជាពលរដ្ឋ រួមទាំងអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាប្រជាពលរដ្ឋ រួមគ្នាថែរក្សានៅសុខសន្តិភាព ព្រោះសុខសន្តិភាពទទួលបានមកដោយការលំបាក ដូច្នេះត្រូវតែរួមគ្នារក្សាឲ្យខាងតែបាន។
លោកស្រី បានលើកទឹកចិត្តឲ្យបន្តការអភិវឌ្ឍនៅក្នុងស្រុក ភូមិ ដោយត្រូវមានការចូលរួមទាំងអាជ្ញាធរមានសមត្ថកិច្ច និងប្រជាជនរស់នៅក្នុងស្រុកភូមិ ទើបអាចរួមគ្នាធានាបាននូវសុខ សន្តិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយភាពជឿជាក់។
ការថ្លែងបែបនេះរបស់លោកស្រី ឃួន សុដារី បានធ្វើឡើងក្នុងឱកាសដឹកនាំមន្រ្តីក្រុមការងារ នាំយកទៀនព្រះវស្សាចំនួន៤គូ មានទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ ដែលត្រៀមគង់ចាំព្រះវស្សាអស់ត្រីមាស នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅវត្តបទុមគង្គា ព្រែកដាច់ ស្ថិតក្នុងឃុំព្រែកដាច់ ភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមធ្វើបុណ្យប្រពៃណីព្រះពុទ្ធសាសនា ជាមួយប្រជាពលរដ្ឋនាពេលនេះ ដែលនេះជាការចូលរួមចំណែកបន្ត ដល់ការយកចិត្តទុកដាក់គោរពប្រតិបត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនា។ ជាការពិតណាស់ ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌ ក្នុងការកសាងសង្គមជាតិទាំងមូល។
ជាមួយគ្នានេះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានមានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចប្រធានរដ្ឋសភា និងសម្តេចប្រធានព្រឹទ្ធសភា ជូនដល់ប្រជាពលរដ្ឋទូទាំងស្រុកលើកដែក និងបានថ្លែងអំណរគុណនូវការចូលរួមខិតខំពង្រឹងស្មារតី សាមគ្គីភាពយកឈ្នះការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលកន្លងផុតទៅកាលពីពេលថ្មីៗនេះ។
សូមជម្រាបផងដែរថា លោកស្រី និងសហការី តែងតែប្រគេនទានវស្សា និងទេយ្យទាននេះ ក៏ដូចជាពិធីបុណ្យសាសនាផ្សេងៗជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ជូនដល់បុព្វបុរស និងអ្នកសេ្នហាជាតិ ដែលធ្វើកាលកិរិយាទៅហើយនោះ មួយផ្នែកទៀតឧទ្ទិសកុសលជូនដល់ជីដូនជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបានបង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ព្រមទាំងយុទ្ធជន យុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ។
លោកស្រីក៏បាន បានកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅទូទាំងស្រុកលើកដែក ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍស្រុកលើកដែក ទទួលបានសមិទ្ធផលថ្មីៗជាច្រើនរហូតដល់បច្ចុប្បន្ននេះ ដែលនេះជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និង យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
សម្រាប់ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលវេរប្រគេនទាំង ៥ វត្ត សរុបមាន៖ -បច្ច័យកសាងវត្ត៥ និងសាលាបុណ្យ ១១,៣៧០,០០០(ដប់មួយលានបីសែន និងប្រាំពីរម៉ឺនរៀល ) បច្ច័យប្រគេនព្រះសង្ឃ ១.៦៥០.០០០ រៀល ទៀនវស្សា ៧គូ និងទេយ្យទានសរុបជាទឹកប្រាក់ ៩,៤៩៨,០០០រៀល៕