(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ពលរដ្ឋ បើសង្ស័យថាមានជំងឺគ្រុនឈាម ត្រូវនាំទៅមណ្ឌលសុខភាពដែលជិតផ្ទះ ចៀសវាងពិនិត្យ និងព្យាបាលពេទ្យឯកជន តាមភូមិដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ។
អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវបែបនេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោកស្រី រួមដំណើរដោយ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរស្រុកក្រូចឆ្មារ និងកាកបាទក្រហមខេត្ត ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បាននាំយកសេរ៉ូម ចំនួន១,៥០០កំប្លោក ដែលឧបត្ថម្ភដោយសាខាកកាបាទក្រហមខេត្ត ទៅផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកផងដែរ។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អ្នកជំងឺកំពុងសម្រាកព្យបាល នៅក្នុងមន្ទីរពេទ្យបង្អែកក្រូចឆ្មារ សរុបចំនួន ៤៥នាក់ ក្នុងនោះអ្នកជំងឺគ្រុនឈាម ២៤នាក់ ចំណែកបុគ្គលិកមាន ៣៧នាក់ សរុបចំនួន៨២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលលើកទឹកចិត្ត ទាំងអ្នកជំងឺ និងអ្នកព្យាបាលថែទាំអ្នកជំងឺ។
លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានធ្វើការសំណេះសំណាល និងសម្តែងនូវការអាណិតអាសូរដល់អ្នកជំងឺគ្រុនឈាម និងអ្នកជំងឺទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅទីនេះ និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុនសែន ជូនពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត។
ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺ ផ្គត់ផ្គង់ឱសថសម្ភារៈបរិក្ខារ ទាក់ទងនឹងជំងឺគ្រុនឈាម ក៏ដូចជាជំងឺទូទៅនេះកុំឲ្យដាច់៕