(ព្រះសីហនុ)៖ នាយឧត្តមសេនីយ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញបំពាក់មេដាយជូនកងកម្លាំង ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនោះ។
ពិធីនេះបំពាក់មេដាយនេះ ធ្វើឡើងនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ។ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, លោក គន់ គីម បានថ្លែងក្នុងពិធីបំពាក់មេដាយនោះថា ការបំពាក់មេដាយនេះ ជាការថ្លែងអំណរគុណ និងដឹងគុណចំពោះកម្លាំងសង្គ្រោះទាំងអស់ដែលបានលះបង់នូវកម្លាំងកាយចិត្តចូលរួមប្រតិបត្តិការសង្គ្រោះ និងដោះស្រាយបញ្ហាដ៏សោកសៅនេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះក្រុមអ្នកជួយសង្គ្រោះទាំងអស់ ដែលធ្វើការសាមគ្គីយ៉ាងមុះមុតបំផុត ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍រលំអគារនេះ ហើយបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់។ លោកទេសរដ្ឋមន្ត្រីចាត់ទុកកាយវិការនេះ គឺជាស្មារតីនៃការរួបរួម ស្មារតីនៃការទទួលខុសត្រូវខ្ពស់បំផុតរបស់កងកម្លាំង។
ក្នុងឱកាសនាយឧត្តមសេនីយ គន់ គីម បានចាត់ទុកការបាក់រលំអគារកន្លងមកនេះ គឺជាភាពសោកសៅដ៏ធំធេងសម្រាប់ជាតិ ដែលចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នអំពីគុណភាពសំណង់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយជាថ្មី។
នាយឧត្តមសេនីយ គន់ គីម ក៏បានក្រើនរំលឹកដែរថា នៅក្រុងព្រះសីហនុ ពេលអនាគតអាចមានអគារកម្ពស់៥០ជាន់ឡើងទៅ ដូច្នេះត្រូវត្រៀមទុកជាមុននូវកម្លាំងសង្គ្រោះ និងឧបករណ៍សង្គ្រោះ ដែលមានមូលដ្ឋាននៅក្នុងខេត្តព្រះសីហនុដោយផ្ទាល់ ប្រសើរជាងការរង់ចាំការចល័តកម្លាំង ឬក៏ឧបករណ៍មកពីទីឆ្ងាយ ដែលធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះអាចយឺតយ៉ាវ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចការនេះលោកនឹងស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរៀបចំចាត់ចែង។
សូមរំលឹកថា អគារកម្ពស់៧ជាន់ ដែលកំពុងសាងសង់សម្រេចបានប្រមាណ ៧០ ទៅ៨០% ជាប្រភេទសំណង់ឆ្អឹងដែក ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលទទួលសាងសង់ដោយក្រុមហ៊ុនមួយរបស់ចិន បានបាក់រលំកាលពីម៉ោង ៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ បណ្តាលឱ្យកម្មករសម្រាកនៅក្នុងអគារ ស្លាប់២៨នាក់ (ស្រី៤) និងរបួសចំនួន២៦នាក់ (ស្រី២)។
ក្នុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះពីក្រោមគំនរអគារ បានប្រើប្រាស់កម្លាំងមកពីគ្រប់ផ្នែកទាំងកងទ័ព ទាំងផ្នែកឯកជនសរុបជាង ១៧០០នាក់។ ការរុករកជនរងគ្រោះបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃកន្លះ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំប្រតិបត្តិការសង្គ្រោះដោយផ្ទាល់។
ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះកិច្ចប្រឹងប្រែងរបស់កម្លាំងសង្គ្រោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់មេដាយជូនពួកគេ ហើយបានឧបត្ថម្ភជាថវិកាលើកទឹកចិត្តផងដែរ។ ក្នុងនោះកម្លាំងសង្គ្រោះជានារីទទួលបានក្នុងមួយនាក់ ៣០០ដុល្លារ និងកម្លាំងសង្គ្រោះជាបុរសទទួលបានក្នុងមួយនាក់ ២០០ដុល្លារអាមេរិក៕