(ភ្នំពេញ)៖ អតីតនិស្សិតនាយទាហានវគ្គការពារជាតិជំនាន់ទី៧ ចំនួន៣០រូប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានធ្វើពិធីជួបជុំរំលឹកដល់មិត្តរួមជំនាន់ទាំងអស់ ដើម្បីបង្កើនសាមគ្គីភាព សហការគ្នាឲ្យកាន់តែល្អ ដែលពិធីនេះមានការចូលរួមជាអធិបតី ពីនាយឧត្តមសេនីយ៍ ភួង ស៉ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍សាស្ត្រចារ្យ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ សាកលវិទ្យាធិការរង ព្រមទាំងមានវត្តមានយោធាចារ្យជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ អតីតប្រធាននិស្សិតវគ្គការពារជាតិជំនាន់ទី៧ បានឲ្យដឹងថា ថ្ងៃទី០៧ ខែកក្កដា ជាថ្ងៃរំលឹកឡើងវិញ ពីការខិតខំប្រឹងប្រែង និងប្រពៃណីនៃការជួបជុំប្រចាំឆ្នាំរបស់និស្សិត នាយទាហានវគ្គការពារជាតិជំនាន់ទី៧ ដែលមានចំនួន៣០នាក់ បានប្រមូលទាំងអស់ ពីទីជិតទីឆ្ងាយគ្រប់អង្គភាព។ មកទល់នឹងពេលនេះ និស្សិតនាយទាហានវគ្គការពារជាតិ មានមុខងារជាថ្នាក់ដឹកនាំបម្រើការងារ នៅតាមបណ្តាស្ថាប័នក្រសួងការពាជាតិ អគ្គបញ្ជាការ និងបណ្តាប្រភេទទ័ពជំនាញ។
ឱកាសនោះ ឧត្តមសេនីយ៍ឯក ហួត ឈាងអន តំណាងឲ្យអតីតនិស្សិតនាយទាហាន វគ្គការពារជាតិជំនាន់ទី៧ បានសម្តែងនូវកត្តញ្ញូតាធម៌ ចំពោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ដែលជានិច្ចកាលតែងតែ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះនាយទាហានគ្រប់ៗរូប និងប្តេជ្ញាចិត្តថាដាច់ខាត ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
នាយឧត្តមសេនីយ៍សាស្ត្រចារ្យ ជា តារា បានសម្តែងនូវក្តីសប្បាយរីករាយ ព្រោះថ្ងៃនេះជាថ្ងៃទី៧ កក្កដា ជាទិវាមោទនភាពជាតិខ្មែរ ប្រាសាទព្រះវិហារត្រូវបានបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក (7 កក្កដា 2008-7 កក្កដា 2019) ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែ ន និងជាពិសេសដោយឃើញនិស្សិតនាយទាហានពីមួយវគ្គ ទៅមួយវគ្គមានសាមគ្គីឯកភាពគ្នាខ្ពស់ ក្រោមដំបូលឆ័ត្រតែមួយ និងត្រូវដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តថែរក្សាសុខ សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។
នាយឧត្តមសេនីយ៍ ភួង ស៉ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានផ្តាំផ្ញើដល់ក្មួយៗ បន្តរក្សាសាមគ្គីភាពឲ្យបានរឹងមាំ សំដៅអនុវត្តការងារមានប្រសិទ្ធភាព និងស័ក្តសិទ្ធភាពខ្ពស់បំផុត៕