(ភ្នំពេញ)៖ ធនាគារ MGN បានប្រកាសបើកសម្ពោធជាផ្លូវការនៅកម្ពុជាហើយ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ។ ការបើកសម្ពោធដំណើរការនេះធ្វើឡើង ក្រោមការចូលរួមពី លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីលោក ឱម វិសាល អគ្គនាយកធនាគារ MGN រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។
ការឈានជើងចូលទីផ្សារលើកដំបូងរបស់ធនាគារ MGN នេះធនាគារបានបង្ហាញពីសក្ដានុពល ក្នុងការពង្រីក និងពង្រឹងខ្លួនឲ្យក្លាយទៅជាធនាគារឌីជីថលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងមានផែនការយុទ្ធសាស្រ្ដច្បាស់លាស់ និងពង្រីកសក្ដានុពលសម្រាប់តម្រង់ទិស ដើម្បីសម្រេចគោលដៅនានា។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «ខ្ញុំសូមស្វាគមន៍ និងអបអរសារទរចំពោះការខិតខំប្រឹងប្រែង របស់ភាគហ៊ុននិកធនាគារ MGN ដែលបានបំពេញលក្ខខណ្ឌ និងទទួលបានការអនុញ្ញតពី ធនាគារជាតិនៃកម្ពុជា ឲ្យចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា»។
លោកអគ្គទេសាភិបាលបន្ដថា វត្តមានរបស់ធនាគារ MGN បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត, ការគាំទ្រ និងការចូលរួមចំណែកកាន់តែច្រើនពី វិនិយោគិនបរទេសមកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ។ នេះជាទិសដៅមួយលើការអភិឌ្ឍវិស័យធនាគារ និងហិរញ្ញាត្ថុរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោក ជា ចាន់តូ បានបញ្ជាក់ថា «វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងបន្ដការរីកចម្រើន ទាំងទំហំ និងវិសាលភាពប្រកបដោយសុវត្ថិភាព និងបរិយាប័ន្ន។ គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៩ ប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានកើនឡើង ដល់ជិត២៣ប៊ីលានដុល្លារអាមេរិក ស្មើនឹង១០៨% នៃផលិតផលក្នុងស្រុកសរុប ហើយសម្រាប់ឥណទានលើវិស័យឯកជន បានកើនឡើង២៧ប៊ីលានដុល្លារអាមេរិកស្មើ១១៤% នៃផលិតផលក្នុងស្រុកសរុប»។
លោកអគ្គទេសាភិបាលបន្ថែមថា ដើម្បីបន្ដរក្សាកំណើនប្រកបដោយចីរភាព និងបរិយាប័ន្នធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងជាអាជ្ញាធរអាណាព្យាបាលលើប្រព័ន្ធធនាគារ និងបន្ដរួមចំណែកយ៉ាងសកម្ម ក្នុងការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច, សេ្ថរភាពហិរញ្ញវត្ថុ តាមរយៈការអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុ ប្រកបដោយភាពទន់ភ្លន់ និងប្រុងប្រយ័ត្ន និងការបន្ដពង្រឹងការត្រួតពិនិត្យបទបញ្ញាត្តិយ៉ាងយកចិត្តទុកដាក់។
លោក ឱម វិសាល បានឲ្យដឹងថា រយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជាបាននិងកំពុងបន្ដ ភាពរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រារដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះវិស័យធនាគារក៏កំពុងលូតលាស់ និងរីកចម្រើនគួរឲ្យកត់សំគាល់ផងដែរ។
លោកឲ្យដឹងទៀតថា «ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធនាគារមានចក្ខុវិស័ជាក់លាក់ចំពោះទីផ្សារ និងមានផែនការទីផ្សារច្បាស់លាស់ ក្នុងការអភិវឌ្ឍ និងពង្រីកសក្ដានុពលរបស់ខ្លួន ដោយឈរលើស្មារតីរួមគឺ រួមគិតរួមធ្វើ សម្រាប់តម្រងទិសលើរាល់ការធ្វើសេចក្ដីសម្រេចចិត្ត ដើម្បីសម្រេចគោលដៅនានា»។
លោកអគ្គនាយកធនាគារបន្ថែមថា ធនាគារ MGN មានចក្ខុវិស័យខ្ពស់ក្នុងការប្រែក្លាយខ្លួនជា ធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ប៉ុន្ដែដំបូងឡើយធនាគារនឹងផ្ដល់នូវសេវាផ្សេងៗដូចជា៖ ការទទួលប្រាក់បញ្ញើជាសាធារណៈ, ការផ្ដល់ឥណទាន, ការផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
លោកបន្ដទៀតថា ធនាគារ MGN ផ្ដោតសំខាន់លើសហគ្រាសធុនតូច និងមធ្យមជាចម្បង ហើយបច្ចុប្បន្ននេះធនាគារ MGN ទើបតែមាន១សាខាប៉ុណ្ណោះនៅកម្ពុជា ប៉ុន្ដែគ្រោងនឹងពង្រីក ទៅតាមរាជធានី-ខេត្ត និងពង្រីកទៅតំបន់អាស៊ានដូចជា៖ អាហ្វ្រិក, អាមេរិក និងអឺរ៉ុបជាដើម។
លោកបញ្ជាក់ថា ធនាគារ MGN បានផ្ដោតលើគោលដៅអាទិភាពមួយចំនួនដូចជា៖
១៖ បំពាក់ម៉ាស៊ីនដាក់ និងដកប្រាក់ស្វ័យប្រវត្តិ (ម៉ាស៊ីន ATM) ដែលប្រើបច្ចេកវិទ្យា សម្គាល់ភិនភាគផ្ទៃមុខ ដើម្បីផ្ដល់ភាពងាយស្រួលឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជន។
២៖ បង្កើត Emperor Banking Center សម្រាប់បម្រើអតិថិជន ដើម្បីទទួលបាននូវបទពិសោធន៍សេវា One-Stop-Service។
៣៖ វិនិយោគបន្ថែមទៀតព្រមទាំងធ្វើការសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដើម្បីបង្កើតមូលដ្ឋានគ្រឹះទិន្នន័យ ឌីជីថលសម្រាប់ការវាយតម្លៃហានិភ័យឥណទាន និងការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុជូន ដល់អតិថិជនជាគោលដៅ។
សូមជម្រាបថា ធនាគារ MGN មានទីតាំងស្ថិតនៅលើមហាវិថី ព្រះនរោត្តម (ផ្លូវលេខ៤១), ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ធនាគារ MGN បានប្ដេជ្ញាចិត្តបម្រើជូនអតិថិជនរាល់តម្រូវការ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារដូចជា៖
១៖ រក្សាការសម្ងាត់ព័ត៌មានរបស់អតិថិជន និងធនាគារ។
២៖ រក្សាភាពត្រឹមត្រូវកំណត់ត្រាឯកសារ និងប្រតិបត្តិការធនាគារ។
៣៖ ជៀសវាងជម្លោះផលប្រយោជន៍។
៤៖ ជៀសវាងការប្រើប្រាស់តួនាទី និងព័ត៌មានខុសគោលការណ៍ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
៥៖ បម្រើជូនអតិថិជនដោយស្មើភាព និងសមភាព។
៦៖ រក្សាទំនាក់ទំនងល្អរវាងថ្នាក់គ្រប់គ្រង បុគ្គលិក និងអតិថិជន៕