(ព្រះសីហនុ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញបំពាក់មេដាយ ជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងកងទ័ព នៃតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ ដែលបានចូលរួមក្នុងប្រតិបត្តិការរុករកជនរងគ្រោះដែលជាប់ក្នុង ហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ។

សូមរំលឹកថា បន្ទាប់ពីបានផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមសង្រ្គោះជិត១៥០០នាក់ ក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសបំពាក់មេដាយមាសជូនពួកគេថែមទៀត ដើម្បីឆ្លើយតបនឹងការខិតខំរបសពួកគេទាំងអស់គ្នា រាប់ទាំងផ្នែកឯកជនផងដែរ។

កាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីរលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់។ ករណីនេះ ក្រុមសង្រ្គោះ និងរុករកសាកសពកប់នៅក្នុងកម្ទេចអគារ ដែលមានចម្រុះអង្គភាព បានបើកប្រតិបត្តិការរបស់ខ្លួន២ថ្ងៃកន្លះ ទើបរកឃើញជនរងគ្រោះទាំងអស់ ដែលកប់ក្នុងអគារ៕