(ភ្នំពេញ)៖ សិស្សកម្ពុជាចំនួន៧៣នាក់ មកពីសាលាប៊ែលធីអន្ដរជាតិ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បានទៅចូលរួមកម្មវិធីបោះជុំរុំ ជាអន្តរជាតិ (World Camp 2019) នៅប្រទេសកូរ៉េ។ ការបោះជុំរុំ ជាអន្តរជាតិនេះ មានយុវជនជាង៤,០០០នាក់ មកពី៨០ប្រទេស នៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំ មកពីបណ្តាប្រទេសនានា ចំនួន២២ចូលរួមផងដែរ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធី អន្តរជាតិ បានឲ្យដឹងថា ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយអង្គការសម្ព័ន្ធ យុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះអង្គការសម្ព័ន្ធយុវជនអន្តរជាតិ បានស្នើសុំសិស្សប៊ែលធី ចំនួន៧៣នាក់ ឲ្យទៅចូលរួមក្នុងកម្មវិធី បោះជុំរុំអន្តរជាតិឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកក្កដា ដោយបានចូលរួមក្នុងកម្មវិធី ភាពជាអ្នកដឹកនាំ ការតម្រង់ទិសយុវជន ក្នុងសតវត្សរ៍ទី២១ និងសិក្សាពីបរិបទ នៃការអប់រំបែបវិទ្យាសាស្រ្តទំនើប និងក៏បានទៅទស្សនាស្វែងយល់ ពីតំបន់សំខាន់ៗ ជាច្រើនដូចជា ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន តំបន់ប្រវិត្តសាស្រ្ត និងតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ។
យុវសិស្ស ដាញ់ ច័ន្ទដានីន រៀននៅប៊ែលធីសាខាទី១០ បាននិយាយថា ចំពោះការចូលរួមបោះជុំរុំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេពិតជាមានអារម្មណ៍ សប្បាយរីករាយ ដែលបានធ្វើដំណើរជាមួយសិស្សដទៃទៀត ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំប៊ែលធី។
សិស្សឈ្មោះ នៅ កាន់ដាវី សិស្សប៊ែលធីសាខាទី៧ ក៏បានឲ្យដឹងដែរថា ចំពោះការចូលរួមបោះជុំរុំអន្តរជាតិ នៅប្រទេសកូរ៉េលើកនេះ រូបគេមានកិត្តិយស និងមោទនភាពណាស់ដែរ ដែលបានបង្កើតមិត្តភាពយុវជនដែលបានចូលរួមជាង៨០ប្រទេស ហើយអាចទាញយកចំណេះដឹង និងបទពិសោធន៍ថ្មីពីប្រទេសដទៃ និងបានបង្ហាញពីសមត្ថភាព និងវប្បធម៌របស់ប្រទេសយើងទៅឲ្យប្រទេសដទៃបានស្គាល់ និងដឹង។
ដោយឡែក សិស្សរៀននៅប៊ែលធីសាខាទី១០ ឈ្មោះ មួង វវឌ្ឍនៈ តំណាងសិស្សទាំងអស់ដែលបានចូលរួមបោះជុំរុំជាអន្តរជាតិ ក៏បានថ្លែងអំណរគុណដល់ លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យសិស្សានុសិស្សមានភាពក្លាហាន និងចេះសម្របខ្លួនក្នុងការរស់នៅ ជាមួយជាតិសាសន៍ដទៃ។
យ៉ាងណាមិញ លោក ប៊ុត ឌីម៉ង់ បានគូសបញ្ជាក់ថា នេះជាឱកាសដ៏ល្អបំផុតសម្រាប់សិស្សសាលាប៊ែលធី ដែលមានឱកាសបានទៅចូលរួម ក្នុងកម្មវិធីបោះជុំរុំ ជាអន្តរជាតិ ដែលមានការចូលរួមពីបណ្តាលប្រទេស ជាច្រើនទូទាំងសកលលោក ហើយនេះគឺជាមោទនភាពរបស់ជាតិទាំងមូល ក៏ដូចជាបានបង្ហាញពី ការរីកចម្រើន និងសក្កានុពលលើវិស័យអប់រំរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
លោក ប៊ុត ឌីម៉ង់ បានឲ្យដឹងថា នេះជាលើទី៦ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួម ក្នុងកម្មវិធីបោះជុំរុំអន្តរជាតិ នៅសាធារណរដ្ឋកូរ៉េ ដែលមានចំនួនសរុប៥៤៦នាក់។
លោកបន្ថែមថា គោលបំណង និងអត្ថប្រយោជន៍ នៃការបញ្ជូនសិស្សឲ្យចូលរួមក្នុងកម្មវិធីបោះជុំរុំ ជាលក្ខណៈអន្តរជាតិនេះ រួមមាន៖
*ទី១៖ ឲ្យសិស្សមានភាពក្លាហាន ចេះទទួលខុសត្រូវដោយខ្លួនឯង ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុមនៅជាមួយជាតិសាសន៍ផ្សេងៗគ្នា ដើម្បីដកស្រង់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀត ដែលពុំធ្លាប់បានជួប។
*ទី២៖ ឲ្យសិស្សបានឃើញ បានស្គាល់ និងសិក្សាស្វែងយល់អំពីបរិបទថ្មីៗ របស់ប្រទេសអភិវឌ្ឍន៍ ដើម្បីធ្វើជាទុនសម្រាប់ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនទៅអនាគត។
*ទី៣៖ ការចូលរួមបោះជុំរុំនេះ បង្ហាញពីសមត្ថភាពសិស្សកម្ពុជា នៅលើឆាកអន្តរជាតិ នូវភាពក្លាហាន និងមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធី ជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវ ទំនៀមទំលាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ៕