(ភ្នំពេញ)៖ កម្មសិទ្ធិឯកជននៅក្នុងប្រទេសកម្ពុជា ទើបតែត្រូវបានទទួលស្គាល់ជាបណ្ដើរៗ ក្នុងកំឡុងឆ្នាំ១៩៨៩និងក្រោយមកទៀតកាន់តែមានលក្ខណៈទូលំទូលាយច្រើន ពេលដែលច្បាប់ភូមិបាលឆ្នាំ២០០១ ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់។ ច្បាប់ភូមិបានបានកំណត់ច្បាស់លាស់អំពីលក្ខណៈ នៃកម្មសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិទ្ធិមួយចំនួនទៀតរបស់អ្នក ដែលនឹងក្លាយជាកម្មសិទ្ធិករ។
លើសពីនេះពេលដែល ក្រមរដ្ឋប្បវេណីត្រូវបាន ដាក់ឲ្យប្រើប្រាស់ បញ្ញត្តិពាក់ព័ន្ធនឹងសិទ្ធិលើកម្មសិទ្ធិ នៅកម្ពុជាកាន់តែមានភាពច្បាស់លាស់ហើយលក្ខណៈ នៃកម្មសិទ្ធិមួយចំនួនទៀតក៏កាន់តែ មានភាពល្អប្រសើរដល់អ្នកដែលនឹង ទទួលបានសិទ្ធិជាកម្មសិទ្ធិករ។
ដើម្បីជ្រាបកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិសប្ដាហ៍នេះ សូមលើកយកប្រធានបទ «សិទ្ធិលើកម្មសិទ្ធិ» មកធ្វើការបកស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ មន្រ្ដីរាជការ សិស្ស និស្សិត ថាតើអ្វីទៅជាកម្មសិទ្ធិ ហើយកម្មសិទ្ធិករមានសិទ្ធិកម្រិតណាចំពោះទ្រព្យរបស់ខ្លួន?
កម្មសិទ្ធិសំដៅដល់សិទ្ធិពេញលេញ ជាម្ចាស់លើទ្រព្យដែលមិនមែន សំដៅតែដីធ្លីប៉ុណ្ណោះទេ គឺសំដៅទៅលើប្រភេទវត្ថុទាំងអស់ ទាំងចលនវត្ថុ និងអចលនវត្ថុ។ កម្មសិទ្ធិអាចរាប់បញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើវត្ថុទាំងនេះ។
តាមផ្លូវច្បាប់កម្មសិទ្ធិកើតចេញពីការកាន់កាប់ស្របច្បាប់ ឬការបានមកតាមផ្លូវច្បាប់ដូចជាតាមរយៈការទិញការដូរ ឬការឲ្យ ដែលស្របតាមច្បាប់។ ការបានមកនូវទ្រព្យណាមួយដែលមិនស្របតាមច្បាប់ គឺមិនអាចកើតជាកម្មសិទ្ធិទេ។
ជាទូទៅច្បាប់កំណត់អំពីលក្ខណៈនៃការទិញ ការដូរឬការឲ្យ ដែលស្របច្បាប់ក្នុងគោលបំណងការពារអ្នកផលិត អ្នកទិញ អ្នកដូរ ឬអ្នកឲ្យ។ ឧទាហរណ៍ អ្នកបានទិញដីពីគេ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់លើដីនោះ។
ជាទូទៅនៅពេលដែលបុគ្គលណាមួយ មានឈ្មោះជាម្ចាស់កម្មសិទ្ធិលើទ្រព្យណាមួយនោះ វាក៏បង្កើតបាននូវសិទ្ធិជាម្ចាស់កម្មសិទ្ធិ នោះដល់កម្មសិទ្ធិករផងដែរ។ តាមន័យច្បាប់ សិទ្ធិគឺជាអំណាចតាមផ្លូវច្បាប់ ដើម្បីធ្វើសកម្មភាព ប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើទ្រព្យដែលជាកម្មសិទ្ធិនោះ។
ឧទាហរណ៍ សិទ្ធិកម្មសិទ្ធិលើដីគឺជាអំណាចតាមផ្លូវច្បាប់ក្នុងការប្រើប្រាស់ អាស្រ័យផល ចាត់ចែងលើដីដែលជាកម្មសិទ្ធិ នោះពេញលេញស្របតាមច្បាប់ ឬអាចនិយាយថា ជាសិទ្ធិពេញលេញតាមផ្លូវច្បាប់ជាម្ចាស់នៃទ្រព្យ។ ម៉្យាងទៀតសិទ្ធិជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុមួយ ត្រូវបានទទួលស្គាល់ក្នុងមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។
មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញបានចែងថា៖ ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដី។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិពី ជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈ តម្រូវឲ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។
ជាទូទៅទម្រង់នៃកម្មសិទ្ធិត្រូវបានបែងចែកជាច្រើនប្រភេទ ដែលមានដូចខាងក្រោម៖
១. កម្មសិទ្ធិឯកជន៖ សំដៅលើសិទ្ធិជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុទូទៅ ជាម្ចាស់កម្មសិទ្ធិពេញលេញ តាមផ្លូវច្បាប់ (កម្មសិទ្ធិករ) ដែលស្ដែងឡើងតាមរយៈប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុនោះ។ កម្មសិទ្ធិករមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងទ្រព្យរបស់ខ្លួនផ្ដាច់មុខ និងទូលំទូលាយ លើកលែងតែកម្មសិទ្ធិករប្រើប្រាស់ទ្រព្យដើម្បីព្យាបាទ ឬរំខានតតិយជន និងអ្នកជិតខាង។ កម្មសិទ្ធិករអាចដាំដុះ សាងសង់ រៀបចំឬកែប្រែ គាស់កកាយ កាប់ព្រៃ ជីករូង ចាក់បំពេញដី ឈូសឆាយ រៀបចំដីធ្វើកសិកម្ម ឧស្សាហកម្ម និងរោងចក្រ។
២. កម្មសិទ្ធិសមូហភាព៖ ត្រូវបានបែងចែកជាពីរ៖ ទីមួយសំដៅលើអចលនវត្ថុរបស់វត្ត ដែលមានដូចជាដី និងសំណង់ផ្សេងៗទាំងក្នុង និងក្រៅបរិវេនវត្តអារាមនៃព្រះពុទ្ធសាសនា ដែលជាធម្មតាត្រូវតែមានចុះបញ្ជីទ្រព្យដោយវត្ត ដោយគណៈកម្មការវត្ត និងទទួលស្គាល់ដោយក្រសួងធម្មការ និងសាសនា។ ជាទូទៅអចលនវត្ថុរបស់វត្តមិនអាចលក់ដូរ ឬធ្វើអំណោយទៅអ្នកណាម្នាក់បានឡើយ ហើយក៏គ្មានអាយុកាលដែរ ក៏ប៉ុន្តែអាចយកទៅជួល ឬប្រវាស់បានដើម្បីរកចំណូលទ្រទ្រង់កិច្ចការក្នុងព្រះពុទ្ធសាសនា។ ចំណែកឯទី២នោះ គឺអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច ដែលសំដៅលើដីសង់និវេសដ្ឋាន និងដីប្រកបរបរជាប្រពៃណី ដែលជាទូទៅរដ្ឋក៏បានផ្ដល់ជូននូវ ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ផងដែរ។ ដីប្រភេទនេះមិនអាចយក ទៅចែកឲ្យទៅបុគ្គល ឬក្រុមណាមួយបានឡើយ គឺសំរាប់តែ សមាជិកនៃសហគមន៍នោះប៉ុណ្ណោះទើប អាចទទួលបានសិទ្ធិលើអចលនវត្ថុនោះ។
៣. កម្មសិទ្ធិអវិភាគ៖ សំដៅដល់កម្មសិទ្ធិលើទ្រព្យមួយ ដែលជារបស់បុគ្គលច្រើននាក់ ដោយម្នាក់ៗមានចំណែក របស់ខ្លួននៅក្នុងទ្រព្យនោះ ដោយមិនអាចពុះចែកគ្នាបានដែលបុគ្គលទាំងនោះត្រូវបានគេហៅថា កម្មសិទ្ធិករអវិភាគ ។ នៅក្នុងកំឡុងពេលនៃការគ្រប់គ្រង ទ្រព្យរបស់កម្មសិទ្ធិករអវិភាគទាំងអស់ រាល់ការចំនាយ ការជួសជុលលើទ្រព្យ គឺជាបន្ទុករបស់កម្មសិទ្ធិករអវិភាពនីមួយៗ ដែលត្រូវចំនាយទៅតាមសមាមាត្រនៃចំណែករបស់ខ្លួនលើទ្រព្យ ឬតាមការព្រមព្រៀងជាក់ស្ដែង។ កម្មសិទ្ធិអវិភាគ នឹងត្រូវបានបញ្ចប់នៅពេលដែលទ្រព្យនោះត្រូវបានលក់ ហើយបែងចែកគ្នា។
៤. សហកម្មសិទ្ធិ៖ គឺជាកម្មសិទ្ធិលើទ្រព្យជាអចលនវត្ថុ របស់បុគ្គលច្រើននាក់ បែងចែកតាមឡូតិ៍ ដែលម្នាក់ៗទទួលបានចំណែកពីរ មួយជាចំណែកឯកជនរៀងៗខ្លួនដែលត្រូវមានសិទ្ធិពេញលេញជាម្ចាស់ចំណែក និងមួយទៀតជាចំណែករួមដែលត្រូវមានសិទ្ធិប្រើប្រាស់ជាសមូហភាព ។
៥. កម្មសិទ្ធិសាធារណៈរបស់រដ្ឋ៖ សំដៅលើទ្រព្យសាធារណៈដែលត្រូវ រក្សារូបភាពធម្មជាតិរបស់វាឲ្យបាន គង់វង្ស ដើម្បីរក្សាទុកឲ្យអ្នករួមសង្គមប្រើប្រាស់បានជាយូរអង្វែងតទៅ។ ទ្រព្យនេះមិនអាចលក់ដូរបានឡើយ ហើយ កម្មសិទ្ធិនៃទ្រព្យនេះក៏មិនអាចកំណត់អាយុកាលបានដែរ។ ទ្រព្យទាំងនោះមានដូចជា៖ ព្រៃឈើ ទន្លេ កំពង់ផែ ផ្លូវដែក ព្រលានយន្តហោះ ផ្លូវថ្នល់ សួនច្បារ ឧទ្យាន សាលារៀន មន្ទីរពេទ្យ -ល- ។
៦. កម្មសិទ្ធិឯកជនរបស់រដ្ឋ៖ ជាទ្រព្យឯកជនរបស់រដ្ឋ ឬទ្រព្យរបស់នីតិបុគ្គលសាធារណៈ ឬជាទ្រព្យដែល បានបំលែងចេញមកពីទ្រព្យសាធារណៈរបស់រដ្ឋ។ ទ្រព្យឯកជនរបស់រដ្ឋអាចយកទៅលក់ដូរ បែងចែក ឬផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់ ហើយចាំបាច់ត្រូវតែធ្វើឡើងតាមរយៈអនុក្រឹត្យ បើពុំនោះទេនឹងត្រូវចាត់ទុកថារំលោភច្បាប់។ លើសពីនេះ រដ្ឋអាចយកទ្រព្យឯកជនរបស់រដ្ឋនោះ ទៅធ្វើសម្បទានបានផងដែរ ។
រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕