(កំពង់ស្ពឺ)៖ ភ្ញៀវទេសចរប្រមាណ ១២០នាក់ មកពី ៧ប្រទេស បានចូលរួមព្រឹត្តិការណ៍ Trail Running Event Cambodia 2019 លើកទី១ រមណីយដ្ឋានឧទ្យានជាតិ កុសមៈគីរីរម្យ នៅព្រឹកថ្ងៃទី០៧ ខែកក្កដានេះ ដើម្បីចូលរួមអភិរក្សដំរីកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលរូបនេះ បានថ្លែងថា ព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ដើម្បីអភិរក្សដំរីកម្ពុជានេះ រៀបចំឡើងក្រោមកិច្ចសហការ រវាងក្រសួងទេសចរណ៍ NOCC និងអង្គការ Cambodia Elephants Trail ពិសេសដោយទទួលបានគោលការណ៍ពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវតំបន់ទេសចរឧទ្យានជាតិ កុសមៈគីរីរម្យ និងចូលរួមអភិរក្សសព្វព្រៃនៅកម្ពុជា ។
លោកថា «គោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីចូលរួមអភិរក្ស តំបន់អេកូទេសចរណ៍ នៃឧទ្យានជាតិ កុសមៈគីរីរម្យ ការពារបរិស្ថាន ទាំងធម្មជាតិ ព្រៃភ្នំ និងសត្វ ដូចឈ្មោះព្រឹត្តិការណ៍យើង គឺរត់ឆ្លងកាត់ឧបសគ្គ ដើម្បីអភិរក្សដំរីកម្ពុជា ។ ទី២-ជាការកៀងគរភ្ញៀវទេសចរមកលេងកម្សាន្ដកាន់តែច្រើននៅតំបន់គិរីរម្យ និងកម្ពុជា ។ ទី៣-ផ្សព្វផ្សាយរម្យមនីយដ្ឋាននេះ ទៅក្នុងប្រទេស និងក្រៅប្រទេស និងទី៤ ស្វែងរកចំណូល ដើម្បីជួយដល់ការអភិរក្សដំរីនៅកម្ពុជា» ។
សម្រាប់ជំហានដំបូង ក្នុងការរៀបចំព្រឹត្តិការណ៍ និងទេសចរណ៍នេះ គឺមានអ្នកចូលរួមត្រឹម ១២០នាក់ប៉ុណ្ណោះ ប៉ុន្ដែអ្នកជំនាញកីឡាខាងលើ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំជារៀងរាល់ឆ្នាំ ហើយសង្ឃឹមនឹងអាចកៀងគរការចូលរួមពីភ្ញៀវជាតិ និងអន្ដរជាតិ កាន់តែច្រើន ដ្បិតតំបន់គិរីរម្យ មានអំណោយផលល្អ ទាំងការរៀបចំ និងមានកន្លែងកម្សាន្ដបែបធម្មជាតិដ៏ស្រស់ស្អាតទៀតផង ។ នេះបើតាមការបន្ថែមរបស់លោក វ៉ាត់ ចំរើន ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Trail Running Event Cambodia 2019 លើកទី១ នៅឧទ្យានជាតិ កុសមៈគីរីរម្យ នាព្រឹកថ្ងៃអាទិត្យនេះមាន ២វិញ្ញាសារ ទី១-រត់ចម្ងាយ ៣២គីឡូម៉ែត្រមាន ៧៧នាក់ចូលរួម និងទី២-រត់ចម្ងាយ ១២គីឡូម៉ែត្រមាន ៤៣នាក់ចូលរួម ខណៈអ្នកចូលរួមទាំងអស់ គឺមកពី ៧ប្រទេសផ្សេងៗគ្នា ក្នុងនោះកម្ពុជាច្រើនជាងគេ បន្ទាប់មកមានភ្ញៀវទេសចរវៀតណាម ជប៉ុន អាមេរិក អង់គ្លេស ហ្វីលីពីន និងបារាំងជាដើម ។